ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល លើកសំណើទៅសម្តេចក្រឡាហោម ស ខេង ឱ្យចាត់កម្លាំងនគរបាលឆ្មក់ចាប់រថយន្តអត់ឆៀក នៅតាមផ្លូវសាធារណៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកសំណើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចាត់កម្លាំងនគរបាលឆ្មក់ចាប់រថយន្តមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅតាមផ្លូវសាធារណៈ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងថា មានរថយន្តប្រមាណ ៤០ម៉ឺនគ្រឿង ក្នុងចំណោមរថយន្ត ១លានគ្រឿង ហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយមិនទៅចូលត្រួតពិនិត្យ។ ចំពោះឆៀក មានឡានប្រមាណ ៤០ម៉ឺនគ្រឿង ជិតកន្លះលានគ្រឿង ដែលហួសសុពលភាព មកដល់ម៉ោង នេះមិនទាន់យកមកឆៀក។ ហួសសុពលភាព គាត់មិនយកមកឆៀកទេ អ៊ីចឹងខ្ញុំសូមស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ដើម្បីសហការគ្នាជាមួយនគរបាល អាចធ្វើឆ្មក់ចាប់រថយន្ត ដើម្បីស្វែងរកថា រថយន្តបានធ្វើឆៀកត្រឹមត្រូវ ឬមិនត្រឹមត្រូវ។
ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាពោធិ៍សែនជ័យ-អូរដឹមថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅមានយានជំនិះចំនួន ៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ខណៈក្រសួងបានផាកពិន័យរថយន្តហួសសុពលភាពឆៀក បានជាង ១៧ម៉ឺនគ្រឿង សរុបជាថវិកាជាង ៥លានដុល្លារ៕





