ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងអប់រំគូសបញ្ជាក់ថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅកម្ពុជា គឺគ្មានការបង្គាប់បញ្ជាពីវៀតណាមឡើយ

    BY Khmernote Media August 20, 2022
    រដ្ឋមន្ត្រីក្រសួងអប់រំគូសបញ្ជាក់ថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅកម្ពុជា គឺគ្មានការបង្គាប់បញ្ជាពីវៀតណាមឡើយ

    រាជធានីភ្នំពេញ៖ យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ដែលមានថ្នាក់ដេប៉ាតឺម៉ងសិក្សាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺគ្មានការបង្គាប់បញ្ជាពីវៀតណាមឡើយ តែផ្ទុយទៅវិញនឹងជួយផ្តល់ការងារដល់យុវជនកម្ពុជា ខណៈអ្នករៀនត្រូវតែបង់ថ្លៃ ហើយប្រឡងចូលរៀនថែមទៀត។

    ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងអប់រំ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា តាមរយៈការរៀនភាសាវៀតណាមនឹងផ្តល់ជូនឱកាសការងារដល់យុវជនកម្ពុជាតាមរយៈការធ្វើវិនិយោគទុនរបស់វៀតណាមនៅកម្ពុជា ក្នុងនោះមានការបកប្រែភាសាវៀតណាមជាដើម។ ឯកឧត្តមបណ្ឌិត សភាចារ្យបានថ្លែងបញ្ជាក់ថា៖ «ការបណ្តុះបណ្តាលភាសាវៀតណាមនេះគឺបង់លុយ ហើយប្រឡងចូលរៀនមិនបង្ខិតបង្ខំឱ្យរៀននោះទេ។ ការបើក ភាសាវៀតណាមនេះមិនមានការបង្ខិតបង្ខំពីអ្នកណាទេ ជាក់ស្តែងនៅវៀតណាម និងថៃក៏មានបង្រៀនភាសាខ្មែរ»។

    ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា៖ «កម្ពុជាជារដ្ឋអធិបតេយ្យ ដូច្នេះការបង្កើតអ្វីមួយមិនធ្វើទៅតាមសំណើ ឬសំណូមពររបស់អ្នកណាម្នាក់នោះទេ គឺធ្វើដោយសារមានតម្រូវការរបស់យើង។ ដូច្នេះ ភាគីវៀតណាមមិនអាចបង្គាប់បញ្ជាមកលើយើងធ្វើអ្វីមួយទេ»។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈគឺក៏ដោយ សារតែកម្ពុជាជាប្រធានអាស៊ាន ដោយចង់សិក្សាពីអាស៊ាន។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា ការសិក្សាពីអាស៊ានពិតជាមានសារៈសំខាន់ណាស់ដែលផ្ទុយកាលពីដើមគឺចេះតែធ្វើសង្គ្រាម ដែលសង្គ្រាមជាមួយប្រទេសជិតខាងដែលបានធ្វើឱ្យខូចខាតទាំងសង ខាង។

    ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ការរៀន នៅសាលាភូមិន្ទភ្នំពេញភាសាអ្វីក៏ដោយគឺត្រូវតែបង់ថ្លៃ មិនថាភាសាចិន បារាំង អង់គ្លេស និងវៀតណាមនោះទេ ហើយការរៀនភាសារវៀតណាម នឹងផ្តល់ការ ងារជូនដល់សិស្ស និស្សិតកម្ពុជាតាមរយៈការធ្វើការងារ ឬបកប្រែជាដើម។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត សភាចារ្យបានបន្ថែមថា ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំគឺមានតែពីរភាសាទេគឺភាសាអង់គ្លេស និងបារាំង បើសិនសិស្សចង់រៀនភាសាផ្សេងទៀត គឺត្រូវរៀននៅសាលាឯកជន។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា ក្នុងប្រទេសកម្ពុជាមិនមែនគោលការណ៍ណាមួយត្រូវតែរៀនភាសាបរទេសនោះ ទេ ហើយគ្មានប្រទេសណាមួយតម្រូវឱ្យប្រទេសខ្លួនបង្រៀនជាភាសារបរទេស នោះទេនៅលើកពិភពលោក។

    ឯកឧត្តមរដ្ឋមន្ត្រីក៏បានអះអាងបន្ថែមដែរថា ក្នុងប្រទេសវៀតណាមនៅសាកលវិទ្យាល័យមួយចំនួន ក៏មានបង្រៀនជាភាសារខ្មែរដែរ ហើយនៅតាមតំបន់ភាគខាងត្បូងនៅមជ្ឈមណ្ឌលមួយចំនួនក៏មានបង្រៀនភាសារខ្មែរដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា អ្នកដែលចេះភាសាច្រើនគឺមានការគិតបានឆាប់រហ័សទៀតផង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: