ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្នុងគោលដៅ ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាមៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។

ព្រះរាជក្រឹត្យនេះ មានគោលបំណង៖
– អភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់
– អភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ
– ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ
– ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ
– ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ
-បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់
-លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃ និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ៕


