រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការពង្វាងចរាចរណ៍ផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រយៈពេល១០ថ្ងៃ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការពង្វាងចរាចរណ៍ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយជំនន់ទឹកភ្លៀង ដែលតែងតែបង្កឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិស្ថានផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានការដាក់លូមេរំដោះទឹកជន់លិចនៅលើកំណាត់ផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ចូលទៅប្រឡាយស្ទឹងមានជ័យ ដោយដំណើរការការដ្ឋានចាប់ផ្ដើមពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់ការដ្ឋាននៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលមានរយៈពេលចំនួន ១០ថ្ងៃ បណ្ដាលឱ្យមានការរំខានដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងម្ចាស់យានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់ការដ្ឋាន សូមធ្វើការពង្វាងចរាចរទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ