ស្អែកនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៖ ” ទូលព្រះបង្គំ ខ្ញុំព្រះករុណា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវអស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២តទៅ ធ្វើដំណើរទៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ ” ៕

ប្រភព៖ ក្រសួងព័ត៌មាន