កម្លាំងជំនាញសមត្ថកិច្ច ប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ត្រូវបានឃាត់ខ្លួនភ្លាមៗ យកមកសាកសួរនៅការិយាល័យ និងបន្តឃាត់ខ្លួនមនុស្សចំនួន ៥នាក់ផ្សេងទៀត
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានល្បាតនៅតាមភូមិសាស្ត្រម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល ០០និង៣០នាទីយប់ បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។

ជនសង្ស័យទាំងពីរបានសារភាពថាពួកគេរួម និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅទីតាំងផ្សេងៗគ្នាជាច្រើនលើកនាពេលកន្លងមក។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
២-ឈ្មោះ ពៅ សុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ក្រោយសាកសួរជនសង្ស័យទាំងពីររួចសមត្ថកិច្ចយើងបន្ដទៅឃាត់ខ្លួនមនុស្ស០៥នាក់ (ស្រី០១នាក់) មកសាកសួរក្នុងនោះមាន៖
១-ឈ្មោះ គុន គា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ (អ្នកសមគំនិត)
២-ឈ្មោះ សន ណាវ៉ីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ (អ្នកសមគំនិត)
៣-ឈ្មោះ ស្រ៊ុន ស្រីនិច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកទទួលទិញអេតចាយ ទីតាំងស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៤-ឈ្មោះ ឡេស ស៊ីណា ភេទប្រុស ឆ្នាំកំណើត១៩៨៦ ជនជាតិខ្មែរ មុខរបរ កម្មករអេតចាយ រស់នៅកន្លែង ទិញលក់អេតចាយ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៥-ឈ្មោះ វ៉ាយ ពិសិដ្ឋ ភេទប្រុស ឆ្នាំកំណើត២០០៥ ជនជាតិវៀតណាម មុខរបរ កម្មករអេតចាយ រស់នៅកន្លែងទិញលក់អេតចាយ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
វត្ថុតាងដកហូតបាន៖
-ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមC-125 សេរី២០១៥ បិតស្គុតពណ៌ទឹកក្រូច ពាក់ផ្លាកលេខ៖ ព្រះសីហនុ ១B-៤៤៤២ (ជាមធ្យោបាយធ្វើសកម្មភាព) ។
-លួសស្ពាន់ សំបកខ្សែភ្លើង កំណាត់ខ្សែភ្លើងមួយចំនួន (ជាផលនៃអំពើលួច)។
ជាលទ្ធផល ការសាកសួរជុំវិញករណីលួចកាត់ខ្សែភ្លើង និងទទួលទិញ (ផលនៃអំពើលួច) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ និងនាពេលកន្លងមក។ សន្និដ្ឋានរួមឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ, ពៅ សុង, គុន គា និងឈ្មោះ សន ណាវ៉ីន គឺជាសហចារី (មុខសញ្ញាសកម្ម) ក្នុងបទលួច កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ និងនាពេលកន្លងមកក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
-ឈ្មោះ ស្រ៊ុន ស្រីនិច ពាក់ព័ន្ធក្នុងករណីទទួលផលនៃអំពើលួច។
-ឈ្មោះ រ៉ាយុទ្ធ ជាបក្ខពួក ក្នុងករណីនេះកំពុងរត់គេចខ្លួន ។
-ឈ្មោះ ឡេស ស៊ីណា និងឈ្មោះ វ៉ាយ ពិសិដ្ឋ (ជាកម្មករ) ពុំមានតម្រុយពាក់ព័ន្ធក្នុងករណីខាងលើទេ ។
បច្ចុប្បន្នជនសង្ស័យទាំង៥ (ស្រី០១នាក់) និងវត្ថុតាង សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដចាត់ការបន្ដ ៕





