អាណិតលោកតាណាស់! កូនបង្កើតនិងកូនប្រសារយកផ្ទះឪពុកខ្លួនហើយ ថែមទាំងបណ្តេញលោកឪពុកចេញដោយក្តីឈឺចាប់ទៀត
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ ត្រូវបានកូនស្រីបង្កើតនិងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់លោកតាស្ថិតនៅខេត្តកណ្តាល ដែលដីនោះលោកតាជាអ្នកទិញនិងធ្វើផ្ទះចែកអោយកូនទាំងពីររស់នៅ១ល្វែងនិង១ល្វែងទៀតជារបស់គាត់រស់នៅ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ដួង តារា បានរៀបរាប់ឱ្យថា៖ លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ បានដាក់ពាក្យបណ្តឹងគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០២១។ គាត់បានប្រាប់ខ្ញុំថាកូនស្រីបង្កើតនិងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់គាត់ស្ថិតនៅខេត្តកណ្តាល ដែលដីនោះគាត់ជាអ្នកទិញនិងធ្វើផ្ទះចែកអោយកូនទាំងពីររស់នៅ១ល្វែងនិង១ល្វែងទៀតជារបស់គាត់រស់នៅតាំងពីឆ្នាំ ១៩៨៥។ នៅឆ្នំា ២០០៦ ទើបគាត់ដឹងថាកូនស្រីលួចធ្វើប្លង់យកទាំង២។ គាត់បានប្តឹងទាមទារតវ៉ាតាំងពីឆ្នាំ ២០០៦ ហើយកូនគាត់ក៏បានផ្តិតមេដៃលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីប្រគល់មកអោយលោកតាវិញ។ ប៉ុន្តែក្រោយមកកូនគាត់បានប្តឹងយកពីគាត់ទៅវិញ។
តាមការពិនិត្យឯកសារសំណុំរឿងរដ្ឋប្បវេណីកាលពីខែមីនា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកណ្តាលគឺបានសម្រេចសេចក្តីឲ្យលោកតាចាញ់ក្តី។ ប៉ុន្តែលោកតាមិនសុខចិត្តក៏បានប្តឹងឧទ្ធរណ៍ដែលទទួលបានយុត្តិធម៌កាលពីខែមីនា ឆ្នាំ២០២២ ដោយសាលាឧទ្ធរណ៍ភ្នំពេញសម្រេចលុបចោលសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល ហើយបង្គាប់ឲ្យកូនប្រសារ និងកូនបង្កើតរុះរើសម្ភារចេញពីដីទំនាស់។ ប្រសិនបើភាគីកូនបង្កើតមិនបន្តជាមួយឪពុក ករណីនេះនឹងចប់។ ប៉ុន្តែបើកូនបន្តទៅកំពូល ខ្ញុំនៅបន្តផ្តល់មេធាវីដើម្បីជួយការពារក្តីលោកតាលុះដំណាក់កាលចុងក្រោយ។ ពេលនេះស្ថានភាពសុខភាពលោកតាមានសភាពទ្រុឌទ្រោមគួរអោយអាណិតយ៉ាងខ្លាំង។ យើងចូលរួមកសាងអំពើល្អទាំងអស់គ្នា! ៕






ប្រភព៖ លោក Duong Dara