ក្រសួងអប់រំ សម្រេចពន្យាពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២វិញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការពន្យាពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងមត្តេយ្យសិក្សា។

ក្រសួងអប់រំ បានឱ្យដឹងថា៖ ដំណើរការរៀន និងបង្រៀន ក្នុងឆមាសទី១ ឆ្នាំសិក្សា២០២១-២០២២ មានដំណើរការមិនសូវរលូន ពោលគឺសិស្សបានរៀនតែពាក់កណ្ដាលពេលប៉ុណ្ណោះ ចាប់ពីខែកុម្ភៈ ដល់ដំណាច់ខែមេសា ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង។
ដើម្បីធានាឱ្យការសិក្សារបស់សិស្សប្រកបដោយគុណភាព បំពេញបាននូវគម្លាតសមត្ថភាព ដែលបានបាត់បង់កន្លងមកដោយសារសាលារៀនផ្អាកដំណើរការ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យាពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២វិញ។ ចំពោះមហាវិស្សមកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែក ដំណើរការ គ្រឹះស្ថានសិក្សាឆ្នាំសិក្សា២០២២-២០២៣ ក្រសួងនឹងចេញសេចក្ដីណែនាំថ្មី ៕
