ក្រសួងធនធានទឹកមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលជិត ២លានហិកតា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងធនធានទឹក និង ឧតុនិយម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលជិត ២លានហិកតា ក្នុងការធានាបាននូវសន្តិសុខទឹក សម្រាប់ប្រជាពលរដ្ឋ។

ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុ និយម នៅព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៊ុន ហ៊ាន បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ន ក្រសួង ធនធានទឹក មានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ១ ៨៨៩ ១១២ហិកតា លើផ្ទៃដីសរុប ៣ ០៧៨ ២២០ហិកតា ស្មើនឹងជាង ៦១ភាគរយ ។
ឯកឧត្តមបន្តថា ដើម្បីធានាបាននូវសន្តិសុខទឹក ទាំងបរិមាណ និងគុណភាពក្នុងអាង ទន្លេ ស្ទឹង ក្រសួងបានបន្តគ្រប់គ្រងធនធានទឹកឱ្យបានល្អប្រសើរ ទាំងនៅពេលមានទឹកជំនន់ និងនៅពេលជួបគ្រោះរាំងស្ងួត ។ បន្ថែមពីនោះទៀត បន្តអភិវឌ្ឍទំនប់អាងស្តុកទឹកនៅតាមបណ្តាស្ទឹងសំខាន់ដែល មានសក្តានុពល បន្តធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ និងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់និងការថែទាំសំណង់ការងារទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់និងមាននិរន្តរភាព។
« និយាយជារួមគិតមកដល់បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែសរុប ១ ៨៨៩ ១១២ ហិកតា គិតលើផ្ទៃដីសរុបជាង ៣លាន ស្មើនឹង ៦១,៣៧ ភាគរយ » ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២) នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ក្រសួងធនធានទឹកនិងឧតុនិយម សម្រេចសមិទ្ធផលសំខាន់ៗ ដូចជា៖ អភិវឌ្ឍទំនប់អាងស្តុកទឹក និងសំណង់ស្ទាក់ទឹកធំៗកាត់ស្ទឹងបង្កើនលទ្ធភាពគ្រប់គ្រងទឹកជំនន់ បានចំនួន ៣ កន្លែង ដែលអាចស្តុកទឹកបានចំនួន ៤៥៥លានម៉ែត្រត្រីគុណ បន្ថែមទៀតនៅរដូវប្រាំង។ បង្កើនរំហូរទឹកអតិបរមាបានចំនួន ១ ៣៥០ម៣/s នៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត បង្កើនលទ្ធភាពដោះទឹកជំនន់នៅផ្នែកខាងលិចនៃរាជធានីភ្នំពេញ ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ។
ការស្ដារសាងសាង់ និងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ បង្កើនលទ្ធភាពស្រោចស្រពដំណាំស្រូវ សរុបបានចំនួន ១២៣ ០១៥ ហិកតា ( ២៤ ៦០៣ ហិកតា / ឆ្នាំ) ក្នុងនោះមានស្រូវវស្សាចំនួន ៨១ ៨៦៣ ហិកតា ស្រូវប្រាំងចំនួន ៤១ ១៥២ ហិកតា និងដំណាំរួមផ្សំបានចំនួន ៤ ៣៩៩ ហិកតា។ ការជួសជុល ថែទាំ និងកិច្ចដំណើរការប្រព័ន្ធធារាសាស្ត្រជាប្រចាំ និងខួបបានរក្សានិរន្តរភាព នៃការស្រោចស្រពបានចំនួន ៦៩១ ២២១ ហិកតា ក្នុងនោះមានស្រូវវស្សា ៥៧៥ ៧៦៥ ហិកតា ស្រូវ ប្រាំង ១១៥ ៤៥៦ ហិកតា និងដំណាំរួមផ្សំបានចំនួន ៣ ៦៤៦ ហិកតា។ ជាមួយគ្នានេះ បានពង្រឹងច្រាំងទន្លេនៅខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានប្រវែង ៣០ ៦៥៨ ម៉ែត្រ។
ការពារទប់ស្កាត់ទឹកជំនន់ និងរក្សានិរន្តរភាពការពារទប់ស្កាត់ទឹកជំនន់ បានផ្ទៃដីសរុបចំនួន ៦ ០២៤ ហិកតា និងលំនៅដ្ឋានចំនួន ១០ ៤៨០ខ្នងផ្ទះ។ បង្កើនលទ្ធភាពការពារទឹកប្រៃកាត់បន្ថយប៉ះពាល់ផ្ទៃដីសរុបចំនួន ២២១៦ ហិកតា និងលំនៅដ្ឋាន ៩៧ខ្នងផ្ទះ និងរក្សានិរន្តរភាពការពារទឹកប្រៃកុំឱ្យប៉ះពាល់ផ្ទៃដីសរុបបានចំនួន១៨ ១៣៨ ហិកតាសាងសង់ ដំឡើងស្ថានីយ ឧតុនិយមស្វ័យប្រវត្តិ (AWS) បានចំនួន ៥១កន្លែង ដំឡើងប៉ុស្តិ៍តម្រងទឹកភ្លៀងចំនួន ៩១ កន្លែង ដំឡើងស្ថានីយជលសាស្ត្រ-ឧតុនិយម បានចំនួន ២៨កន្លែង បានធ្វើការព្យាករជាប្រចាំនិងជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ (ឧតុនិយម) និងស្ថានភាពជលសាស្ត្រនៅតាមស្ទឹង និងទន្លេសំខាន់ៗ និងបានកំណត់ព្រំអាងទឹក និងបឹងធម្មជាតិ ដើម្បីធ្វើការអភិរក្សធនធាន ទឹកបានចំនួន ១៣៤ កន្លែង ៕




ប្រភព៖ ក្រសួងព័ត៌មាន