សិល្បៈ

បទសម្ភាសន៍ នឹងប្រវត្តិខ្លះៗរបស់ លីម តិចម៉េង ម្ចាស់ជ័យលាភីក្នុងកម្មវិធី Cambodian Idol រដូវកាលទី 4

BY
Khmernote Media
August 30, 2022

រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយផេកហ្វេសប៊ុកផ្លូវការរបស់លោក មាស រិទ្ធី ជានិពន្ធ​នាយក​ផ្នែក​ព័ត៌មាន និង​​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​សង្គម​នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ នៅក្នុងស្ថានីយទូរទស្សន៍ព័ត៌មានរបស់ហង្សមាស បានអញ្ជើញ លីម តិចម៉េង ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ចូលមកសម្ភាសន៍ សាកសួរពីជីវប្រវត្តិ ការសិក្សា ការតស៊ូជំនះគ្រប់ឧបសគ្គ ដែលជម្រុញឱ្យ លីម តិចម៉េង ឈានដល់ចំនុចកំពូលមកដល់ថ្ងៃនេះ។

នៅក្នុងបទសម្ភាសន៍ លីម តិចម៉េង បាននិយាយរៀបរាប់ពីជីវប្រវត្ត ដោយ តិចម៉េង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម បច្ចុប្បន្ននៅភ្នំពេញ ជានិស្សិតឆ្នាំទី៣ ផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន តែត្រូវបានបញ្ចប់ការសិក្សាចោល ដោយសារខ្វះថវិការៀនសូត្រ​ និងចង់សម្រេចនូវគោលដៅជីវិតខ្លួនឯងនៅក្នុងវិថីសិល្បៈ។ តិចម៉េង ស្រលាញ់សិល្បៈ តាំងពីរៀនថ្នាក់ទី ១០ ក៏បានព្យាយាមសម្តែងជាច្រើនដើម្បីសម្រេចភាពជោគជ័យរបស់ខ្លួនឯង លើគោលដៅសិល្បៈ ដូចជារៀនហាត់ភ្លេង Beatbox លេងឧបករណ៍ភ្លេង ច្រៀងរ៉េប រាំ តែមិនទទួលបាននូវជោគជ័យឡើយ។ តិចម៉េង ក៏ចាប់ផ្ដើមច្រៀងជាមួយឧបករណ៍ភ្លេងហ្គីតា នៅក្នុងផាបមួយកន្លែងរយៈពេល ៤ឆ្នាំ ហើយក៏បានសម្រេចដាក់ពាក្យចូលរួមប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol នេះតែម្ដង។

បន្ថែមពីនេះទៀត តិចម៉េង បានរៀបរាប់ពីគ្រួសារ ដែលមានឪពុកជាអ្នកបើកឡានដឹកសិស្សនៅសាលាឯកជនមួយកន្លែងនៅខេត្តកំពង់ចាម ចំណែកម្ដាយជាសន្តិសុខផង និងជាអ្នកលក់ចាបហួយនៅកំបូលផង និងមានប្អូនស្រីម្នាក់មានជំងឺប្រចាំកាយរស់នៅជាមួយម្ដាយ ប្អូនប្រុសទី២ធ្វើការធានាគារនៅខេត្តកំពង់ធំ។ ការប្រឡូកចូលនៅក្នុងសិល្បៈនេះ តិចម៉េង មិនទទួលបានការគាំទ្រពីគ្រួសារទេ ពីព្រោះតែនៅក្នុងគ្រួសារគ្មានដុងជាអ្នកសិល្បៈ ហើយពួកគាត់ចង់ឱ្យតិចម៉េង ខំប្រឹងរៀនសូត្រ ជាងការធ្វើជាតារាចម្រៀង ដោយការខំប្រឹងអស់រយៈពេល ៨ឆ្នាំ តិចម៉េងបានបង្ហាញឱ្យគ្រួសារដឹងថា ខ្លួនពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើរក្នុងវិថីសិល្បៈមួយនេះ។

ក្នុងនោះផងដែរ មានការលើកឡើងនូវសំណួររបស់បងប្អូនដែលជាអ្នកគាំទ្រ តិចម៉េង បានចោទសួរថា៖ “ហេតុអ្វីបានជារដូវកាលទី១, ទី២,ទី៣ ម៉េចក៏មិនចូលទៅប្រឡង បែរជាចូលមកប្រឡងនៅក្នុងរដូវកាលទី៤នេះទៅវិញ?” តិចម៉េង បានឆ្លើយ ខ្លួននៅដឹងពីសមត្ថភាពរបស់ខ្លួនឯងថាមិនទាន់ទៅប្រឡងក្នុងរដូវកាលទី១ និងទី២បាននៅឡើយ ដោយបទសោធន៍នៅមានកម្រិត ត្រូវហ្វឹកហាត់ឱ្យបានច្រើន តាមដានពីរាមច្បងធ្លាប់ចូលប្រឡង ទទួលបទពិសោធន៍ ហ្វឹកហ្វឺនខ្លួនឯងឱ្យខ្លាំង ទើបសម្រេចចូលមកប្រឡង នៅក្នុងកម្មវិធីCambodian Idol រដូវកាលទី 4 នេះតែម្ដង ហើយក៏ទទួលបាននូវជោគជ័យយ៉ាងពិតប្រាកដមែន ៕ ខាងក្រោមជាវីដេអូ សម្ភាសន៍៖

Share This Post: