ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ នឹងបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការស៊ីវិលឡើងវិញ ជាប្រភេទ «Smart Card» ហើយអាចប្រើសម្រាប់ដកប្រាក់ខែតាមម៉ាស៉ីន ATM បាន

    BY Khmernote Media August 31, 2022
    ក្រសួងមុខងារសាធារណៈ នឹងបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការស៊ីវិលឡើងវិញ ជាប្រភេទ «Smart Card» ហើយអាចប្រើសម្រាប់ដកប្រាក់ខែតាមម៉ាស៉ីន ATM បាន

    យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល។

    ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការស៊ីវិលបម្រើការងារនៅតាមក្រសួង ស្ថាប័ន នៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងសាធារណជន មេត្តាជ្រាបថា ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមុខងារសាធារណៈ នឹងរៀបចំបោះពុម្ពឡើងវិញនូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់មន្ត្រីរាជការស៊ីវិលនៃកម្ពុជា សម្រាប់ការប្រើប្រាស់ជាផ្លូវការ។

    កន្លងមក អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ត្រូវបានបោះពុម្ព និងផ្ដល់ជូនមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវការមកដល់ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃ។

    សម្រាប់ការរៀបចំបោះពុម្ពឡើងវិញនេះ ដោយផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩ ក្រសួងមុខងារសាធារណៈ បានរៀបចំបោះពុម្ព និងផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ «ស្មាតកាត (Smart Card)» ដែលអាចអនុញ្ញាតឲ្យមន្ត្រីរាជការប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។

    ទន្ទឹមនោះ ដោយមានការសម្របសម្រួល និងការគាំទ្រពីដៃគូសហការរបស់រដ្ឋ ចំណាយលើការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ត្រូវបានរ៉ាប់រងដោយធនាគារឯកជន ហើយពុំតម្រូវឲ្យម្ចាស់ប័ណ្ណបង់ថ្លៃឡើយ៕

    ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    Share This Post: