សម្តេចតេជោ អង្វរដល់ប្រជាពលរដ្ឋកុំឲ្យបែកបាក់គ្រួសារ ដោយសារតែជំនឿលោក ខឹម វាសនា
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជឿលើ លោក ខឹម វាសនា រហូតដល់មានការឈ្លោះប្រកែកគ្នា បែកបាក់គ្រួសារ ប្ដីប្រពន្ធ ឪពុកម្ដាយ និងសូមកុំឱ្យមានការរើសអើងគ្នា លើជំនឿ របស់ពួកគាត់។ សម្តេចតេជោ បានមានប្រសាសន៍ថា៖ “ឥឡូវមានបញ្ហាបែបបាក់គ្រួសារទៀត ប្ដីទៅប្រពន្ធអត់ទៅ ប្រពន្ធទៅ ប្ដីអត់ទៅ ឪពុកចោលកូន កូនចោលឪពុក ខ្ញុំសូមអំពាវនាវ សុំឱ្យក្រុមគ្រួសារទាំងឡាយដែលមានការខ្វែងគំនិតគ្នា មានខ្លះទៅនិងខ្លះមិនទៅ កុំបណ្ដាលឱ្យបែកបាក់គ្រួសារ រួបរួមគ្រួសារវិញ ធ្វើម៉េចបានជាជ្រុលជឿហួស ត្រឡប់មកវិញយើងជាប្ដីប្រពន្ធ យើងជាសាច់ញាតិ យើងនៅជាមួយគ្នាវិញ ចំណែកអ្នកនៅតាមមូលដ្ឋាននានា សូមកុំរើសអើងចំពោះអ្នកដែលចាញ់បោកគេនេះ រាប់អានធ្វើដូចគ្មានអ្វីកើតឡើង គាត់ជឿ ជំនឿរបស់គាត់ខុស ប៉ុន្តែយើងត្រូវតែមានការសន្ដោស។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ក្រៅពីនោះ ខ្ញុំបានប្រាប់ទៅអភិបាលខេត្ត សូមឱ្យរៀបចំមធ្យោបាយដឹកជញ្ជូន សម្រាប់អ្នកដែលគ្មានមធ្យោបាយធ្វើដំណើរទៅផ្ទះ ដោយប្រើប្រាស់រថយន្ត យោធពលភូមិភាគទី៤ និងកងពលធំលេខ២ ដូចដែលយើងធ្លាប់ដឹកពលករមកពីប្រទេសថៃទៅតាមមូលដ្ឋាន ហើយពេលដឹកជញ្ជូន អោយមានបាយមានទឹកសម្រាប់ពួកគាត់ទទួលទានផងដែរ ” ៕