សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យលោកជំទាវ ភឿង សកុណា ក្រសួងវប្បធម៌ ពិនិត្យឡើងវិញនៅកម្មវិធីប្រឡងបវរកញ្ញា Miss Grand Cambodia
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ទន្ទឹមនឹងនោះ សម្តេចតេជោ ស្នើឱ្យលោកជំទាវ ភឿង សកុណា ពិនិត្យមើលឡើងវិញអំពីកម្មវិធី Miss Grand Cambodia។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា៖ “ខ្ញុំសូមឱ្យលោក ជំទាវ ភឿង សកុណា ពិនិត្យមើលឡើងវិញ ការប្រឡងបវរកញ្ញា Miss Grand Cambodia ចូលទៅប្រឡង ស្រែកអន្ទើតៗ ដោយសារខ្ញុំមិនស្រូវដឹងរឿង រឿងវាច្រើនពេក ឃើញគេបង្ហោះចុះ បង្ហោះឡើង សូមហៅគ្នាមកធ្វើឡើងវិញ រឿងនឹងយ៉ាងម៉េចបានទៅជាបែបនឹង បវរកញ្ញាតំណាងបាវិត និងតំណាងប៉ោយប៉ែតសុទ្ធតែល្បែង គ្នាក៏លុបចោលហើយ ប៉ុន្តែតំណាងខេត្តស្ទឹងត្រែង គេទាត់ចោល រួចហើយអ្វីដែលសំខាន់ គឺស្រែកអាឡេអាឡូ ពេញទឹកពេញដី។ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា សកម្មភាពទាំងនេះ ជាភារកិច្ចរបស់ក្រសួងវប្បធម៌ ធ្វើការភ្លាមៗ ថ្ងៃក្រោយក៏សូមឱ្យមើលឡើងវិញបន្តិច ខ្ញុំមិនបានថាខុសត្រូវយ៉ាងម៉េចទេ ក៏ប៉ុន្តែមតិរបស់មហាជនគឺសម្តែងនូវការស្ដោកស្ដាយ យើងត្រូវស្ដាប់សំឡេងនេះផង ហើយត្រូវធ្វើការកែតម្រូវ ក្មួយៗដែលជាអ្នកទៅសម្តែងអត់មានកំហុសទេ ព្រោះគេឱ្យសម្តែងម៉េច គឺត្រូវសម្តែងចឹង គេឱ្យស្លៀកអី គឺត្រូវតែស្លៀកតាមគេចឹង បើកមិនស្លៀកតាមគេ មិនត្រូវតាមស្ដង់ដារការប្រកួត អ៊ីចឹងវាមិនខុសអីក្មេងៗទៅប្រកួតទេ គឺខុសអ្នកចាត់ការ អ្នកដឹកនាំនេះតែម្ដង” ៕
