ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកិច្ចការនារី ថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះ «កម្មវិធីប្រកួតបវរកញ្ញា» ដែលបានបង្ហាញភាពស៊ិចស៊ី ស្រើបស្រាលហួសហេតុ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្រ្តីខ្មែរ

    BY Khmernote Media August 31, 2022
    ក្រសួងកិច្ចការនារី ថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះ «កម្មវិធីប្រកួតបវរកញ្ញា» ដែលបានបង្ហាញភាពស៊ិចស៊ី ស្រើបស្រាលហួសហេតុ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្រ្តីខ្មែរ

    រាជធានភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកិច្ចការនារី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន៖ ក្រសួងកិច្ចការនារីចេញសេចក្តីប្រកាសព័ត៌មានជុំវិញបញ្ហាអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្រ្តីខ្មែរ។

    នាពេលកន្លងទៅថ្មីៗនេះ មានការកើនឡើងគួរឲ្យព្រួយបារម្ភ នៃការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គម ដោយបង្ហាញឈុតឆាក សម្លៀកបំពាក់ មិនសមរម្យ ដែលដើរតួបង្ហាញដោយស្ត្រីខ្មែរ មួយចំនួនតូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញនូវគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ដែលអាចយល់ច្រឡំលើទំនៀមទម្លាប់សម្លៀកបំពាក់ស្ត្រីខ្មែរ។

    ក្រសួងកិច្ចការនារី សូមសំដែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពបែបនេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញទង្វើទាំងនោះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។ ក្រសួងសូមអំពាវនាវដោយទទូចដល់បុគ្គលដែលរៀបចំកម្មវិធីបែបនេះ សូមរក្សានូវសេចក្ដីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួន តាមចរន្តដែលជ្រុលនិយម ប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរ និងមិនគួររៀបចំកម្មវិធីទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ តាមគ្រប់រូបភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

    ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណជនទាំងអស់ ដែលបានសំដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំថាសាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រី និងគ្រួសារខ្មែរ ឲ្យកាន់តែល្អផូរផង់តទៅមុខទៀត៕

    ប្រភព៖ Ministry of Women’s Affairs of Cambodia

    Share This Post: