គ្រាន់តែចិនហាមមិនឲ្យលក់ iPhone នៅទឹកដីខ្លួនភ្លាម ក្រុមហ៊ុន Apple ធ្វើបែបនេះភ្លែត ខ្លាចអត់បានលក់នៅចិន
- December 15, 2018
កាលពីដើមសប្តាហ៍នេះ តុលាការចិនបានចេញសេចក្តីបង្គាប់បឋមមួយនៅក្នុងជម្លោះប៉ាតង់រវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm ។ ការបង្គាប់បញ្ជាដែលអំណោយផលដល់ក្រុមហ៊ុន Qualcomm នោះ បានដាក់បម្រាមលើការលក់ទូរស័ព្ទម៉ូដែល Apple iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X ។ ក្រុមហ៊ុន Apple ក៏បានធ្លើយតបនៅថ្ងៃនេះតាមរយៈសារព័ត៌មាន Reuters ថា ខ្លួននឹងជំរុញការធ្វើកំណែ update កម្មវិធីថ្មីទៅនឹងទូរស័ព្ទ iPhone របស់ចិននៅក្នុងសប្តាហ៍ក្រោយ។ អនុលោមតាមការបង្គាប់បញ្ជារបស់តុលាការចិន ការធ្វើកំណែ update កម្មវិធីថ្មីនេះនឹងផ្លាស់ប្តូរ ឬដកចេញនូវបច្ចេកវិទ្យាដែលមានជម្លោះជាមួយ Qualcomm ដែល Apple សង្ឃឹមថា នឹងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួនជៀសវាងការហាមឃាត់ការលក់ក្នុងប្រទេសចិន។
ដើមឡើយក្រុមហ៊ុន Apple បានអះអាងថា ការហាមឃាត់ការលក់គឺមិនទាក់ទងគ្នានោះទេ ព្រោះម៉ូដែលទូរស័ព្ទ iPhone ទាំងអស់សុទ្ធតែដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 12 ហើយក្រុមហ៊ុនបានអះអាងថា បានដោះស្រាយបញ្ហាជុំវិញករណីនេះរួចហើយ។ តែទោះជាយ៉ាងណា Apple ត្រូវតែប្តូរការគិតរបស់ខ្លួននេះ ព្រោះពេលនេះតុលាការចិន គឺជាអ្នកសម្រេចចិត្តលើរឿងនេះ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Qualcomm កាន់តែដាក់សម្ពាធលើក្រុមហ៊ុន Apple ហើយយោងតាមកាសែត The Financial Times បានឱ្យដឹងថាបច្ចុប្បន្ន Qualcomm កំពុងជំរុញឱ្យមានការហាមឃាត់ការលក់រួមបញ្ចូលទាំង Apple iPhone XS, iPhone XS Max និង iPhone XR ផងដែរ។
យ៉ាងណាមិញប្រសិនបើតុលាការចិននិយាយថា ការធ្វើបច្ចុប្បន្នភាពកម្មវិធីមិនគ្រប់គ្រាន់ ដើម្បីជៀសវាងការហាមឃាត់ការលក់ក្នុងប្រទេសចិនទេ ក្រុមហ៊ុន Apple ទទួលស្គាល់ថានឹងមិនមានជម្រើសផ្សេងទៀតឡើយ ប៉ុន្តែមានតែផ្លូវដោះស្រាយផ្ទាល់ជាមួយក្រុមហ៊ុន Qualcomm ។ ប្រសិនបើរឿងនេះកើតឡើងមែននោះ វានឹងជាជ័យជម្នះដ៏ធំសម្បើមមួយសម្រាប់ក្រុមហ៊ុន Qualcomm នៅក្នុងការប្រយុទ្ធរយៈពេលយូររបស់ខ្លួនជាមួយក្រុមហ៊ុន Apple ជុំវិញការចោទប្រកាន់រឿងរំលោភប៉ាតង់នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ androidauthority
- Share This Post:






