វេទិកាអុំទូកកណ្តាលក្រុងដ៏ធំស្រស់ស្អាត នឹងលេចរូបរាងឡើងនៅមុនថ្ងៃបុណ្យអុំទូកខេត្តបាត់ដំបងនាពេលខាងមុខ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា វេទិកាអុំទូកក៏ធំស្កឹមស្កៃស្ថិត នៅជាប់មាត់ស្ទឹងសង្កែខេត្ត បាត់ដំបងប៉ែកខាងលិច ដែលសាងសង់ឡើងតាមរចនាបថបែបបុរាណរបស់ខ្មែរ លាយឡំរចនាបថជំនាន់បារាំងខ្លះផងនោះ កំពុងបង្ហាញរូបរាង ដ៏ស្រស់ស្អាតបណ្តើរៗហើយ ដែលវេទិកានេះគ្រោងនឹងស្ថាបនាឱ្យរួចជាស្ថាពរ នៅមុនថ្ងៃបុណ្យអុំទូក ខេត្តបាត់ដំបងនាថ្ងៃទី ០៩និងទី១០ខែតុលាឆ្នាំ២០២២ ដែលចំថ្ងៃពិធីបុណ្យចេញព្រះវស្សាផងដែរ។

ខណៈសល់ប្រមាណតែជាងមួយខែទៀតតែប៉ុណ្ណោះ នឹងដល់ថ្ងៃរៀបចំពិធីអុំទូកក្នុងខេត្តបាត់ដំបង គេសង្កេត ឃើញក្រុមជាងជាច្រើននាក់ បាននិងកំពុងប្រឹងប្រែងសាង សង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យរួចតាមផែនការ ដែលបានគ្រោងទុក។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលតែងតែឆ្លៀតមានវត្តមានជាញឹកញាប់ ក្នុងការចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងវេទិកាអុំទូកនេះ បានបញ្ជាក់លើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាលពីចុងខែសីហាថា « វេទិកាអុំទូកខេត្តនេះត្រូវ តែរួចរាល់មុនអុំទូកខេត្តនាថ្ងៃ ៩-១០/១០/២០២២ »។
តាមមន្រ្តីជំនាញបានបញ្ជាក់ថាវេទិកាអុំទូកខេត្តបាត់ដំបងថ្មីនេះ អាចផ្ទុកមនុស្សបានប្រមាណ ៤០០ នាក់នៅពេលដែលសាងសង់រួច។ តាមទស្សនៈនៃការរចនាអគារវេទិកាអុំទូកដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបងនេះ បានបង្ហាញថា ក្បាច់រចនាបថនានារបស់ខ្មែរក្នុងសម័យបុរាណនិងសំណង់សម័យ អាណានិគមបារាំងផងដែរ ត្រូវបានយកមកផ្គុំដំឡើង ក្នុងវេទិកាដ៏ធំសម្បើមនេះ ដោយសុទ្ធសឹងតែសំរិតសំរាំងយកគំរូតាមអគារបេតិកភ័ណ្ឌ ដែលមានអាយុកាលខ្ទង់រយឆ្នាំមកបញ្ចូលគ្នា ដូចជា អគារសាលាខេត្ត ចាស់ដែលមាន អាយុ១១៧ឆ្នាំសាងសង់ក្នុងសម័យបារាំង និងសិក្សាយក លំនាំតាមទម្រង់ព្រះរាជដំណាក់ផែ មកជាទម្រង់អគារវេទិកានេះតែម្តង។
លក្ខណៈពិសេសនៃអគារនេះដែលមានដំបូលសញ្ញាកាកបាទបួនទិស ធំៗមានបង្ហាញនូវហោជាងយ៉ាងស្រស់ឆើត ឆាយ ។ រចនាបថខ្លះបានយក លំនាំតាមព្រះវិហារចំណាស់ ៣០០ ឆ្នាំនៅវត្តសំរោង វត្តឥន្រ្ទាធិបតី រឺវត្តសង្កែ ដែលមានអាយុកាល១៣២ឆ្នាំ និង វត្តពិភិទ្ធារាមមានអាយុកាលជាង១០០ឆ្នាំជាដើម ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងបានជូនដំណឹងថា នឹងរៀបចំប្រារព្ធពិធីបុណ្យុ អុំទូក និងបណ្តែតប្រទីបនៅថ្ងៃចេញព្រះវស្សា នាថ្ងៃទី០៩និងទី១០ខែតុលាឆ្នាំ២០២២ ខាងមុខ នៅតាមបណ្តោយ ដងស្ទឹងសង្កែ ចាប់ពីស្ពានសម្តេចក្រឡាហោមសខេងដល់ ស្ពានថ្មថ្មី។ ក្នុងកម្មវិធីបុណ្យអុំទូកនេះ ក៏មានការអុចកាំជ្រួច និង តាំងពិព័រណ៍ពាណិជ្ជកម្មផងដែរ ៕








ប្រភព៖ ក្រសួងព័ត៌មាន