ភ្ញាក់ផ្អើល! ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សន្ដិសុខនៅធនាគារ CIMB ម្នាក់ បណ្តាលឲ្យរងរបួស រួចជិះម៉ូតូគេចខ្លួនបាត់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ មុននេះបន្តិច នៅវេលាម៉ោងប្រមាណ ១ថ្ងៃត្រង់ មានខ្មាន់កាំភ្លើងម្នាក់បានបាញ់សន្ដិសុខយាមម្នាក់នៅធនាគារ CIMB មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យរងរបួស។

យោងតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា ខ្មាន់កាំភ្លើងបានជិះម៉ូតរត់គេចខ្លួនបាត់ ខណៈជនរងគ្រោះដែលជាសន្ដិសុខយាមនោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្បែរនោះផងដែរ។ ដំបូងឡើយគេឃើញបុរសម្នាក់ ស្លៀកពាក់ជាអង្គរក្សបានពាក់មួកសុវត្ថិភាពចូលទៅក្នុងធនាគារ ពេលនោះសន្តិសុខបានហាមឃាត់បុរសខាងលើមិនអនុញ្ញាតឲ្យពាក់មួកសុវត្ថិភាពចូលទៅខាងក្នុងធនាគារឡើយ ដោយឲ្យបុរសដែលជាជនសង្ស័យខាងលើ ដោះមួកចេញយកមកទុកនៅខាងក្រៅ ស្រាប់តែជនសង្ស័យបានដើរចូលទៅខាងក្នុងរួចបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់សំដៅមកលើសន្តិសុខយាមនៅធនាគារ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជិះម៉ូតូគេចខ្លួនបាត់ ខណៈពេលនេះកម្លាំងសមត្ថកិច្ចជំនាញជាច្រើននាក់ កំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕

