រដ្ឋបាលខណ្ឌមានជ័យ ទុកពេល០៧ថ្ងៃ ឱ្យបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដែលកំពុងរំលោភយកផ្លូវ និងចិញ្ចើមផ្លូវសាធារណៈលក់ដូរ ត្រូវបញ្ឈប់ជាបន្ទាន់
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌមានជ័យ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង លើកទី២ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្ដោយផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌមានជ័យ សូមជូនដំណឹង(លើកទី២) ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម តាមបណ្ដោយផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់ផ្លូវសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់ សោភ័ណភាព ក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌមានជ័យ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំង ឧបករណ៍ សម្ភារៈសំណង់ទំនិញផ្សេងៗ ស្លាកយីហោ និងផើងផ្កាជាដើម… ដែលកំពុងរំលោភយកផ្លូវ និងចិញ្ចើមផ្លូវសាធារណៈត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការលក់ដូរ ដាក់តាំងសម្ភារសំណង់ ទំនិញផ្សេងៗ ស្លាកយីយោ និងផើងផ្កា ទាំងនោះចេញឱ្យអស់ពីលើចិញ្ជើមផ្លូវក្នុងរយៈពេលចំនួន ០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌមានជ័យ នឹងមានវិធានការចុះរុះរើ និងដកហូតដោយទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់ ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង រឹងរុសមិនស្ដាប់តាមការណែនាំអាជ្ញាធរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕




ប្រភព៖ រដ្ឋបាលខណ្ឌមានជ័យ