ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តរតនគិរី កំពុងខ្វះកម្លាំងពលកម្មជាង ២ម៉ឺននាក់

    BY Khmernote Media September 8, 2022
    ខេត្តរតនគិរី កំពុងខ្វះកម្លាំងពលកម្មជាង ២ម៉ឺននាក់

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឱ្យដឹងថា ក្នុងខេត្ត របស់ខ្លួនកំពុងខ្វះកម្លាំងពលកម្មជាង២ម៉ឺននាក់ ដើម្បីទៅចាក់បំពេញការងារតាមវិស័យ ដែលកំពុងមានសក្តានុពលនៅក្នុងតំបន់។

    ថ្លែងប្រាប់ឱ្យដឹងក្នុងអំឡុងពេលចុះធ្វើយុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរី ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងវិនិយោគកសិឧស្សាហកម្ម ក្នុងនោះមានដំណាំកៅស៊ូជាង៧ម៉ឺនហិកតា កំពុងខ្វះ កម្លាំងកម្មករខ្លាំង ខណៈតម្លៃប្រាក់ឈ្នួលក្នុងពេលបច្ចុប្បន្ន ត្រូវបានផ្តល់មិនក្រោម២៥០ដុល្លារនោះទេ ក្នុងមួយខែ។ ដូចគ្នានេះ លើដំណាំចេកអំបូងសម្រាប់នាំចេញ ដែលបាននិងកំពុងពង្រីកផ្ទៃដីដាំជាង១ម៉ឺន ហិកតាជាបណ្តើរៗដែរនោះ ក៏ខ្វះកម្លាំងពលកម្មដូចគ្នា និងបានជំនួសមកវិញដោយកម្លាំងជំនាញពីប្រទេសវៀតណាម។

    នេះមិនទាន់រាប់ដល់កម្លាំងការងារក្នុងវិស័យទេសចរណ៍ ដែលខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ មានដូចជា៖ ឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិអូរយ៉ាដាវ ឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែនជម្រកសត្វព្រៃលំផាត់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្ខឡោម តំបន់ការពារទេសភាពបឹងលំកុដ តំបន់ការពារទេសភាពបឹងយក្សអោមយក្សក្រា និងតំបន់ទេសភាពផ្សេងទៀត។

    ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ដោយមានព្រំប្រទល់ខាងជើងជាប់ប្រទេសឡាវ និង ខាងកើតជាប់ប្រទេសវៀតណាម ហើយភាគច្រើននៃប្រជាជន គឺជាជនជាតិភាគតិច ចំណែកជនជាតិខ្មែរ មានប្រមាណតែ ១០ទៅ២០ភាគប៉ុណ្ណោះ។ ខេត្តនេះជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយក្នុងការទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

    យោងតាមរបាយការណ៍ដែលផ្សាយនៅលើគេហទំព័ររបស់រដ្ឋបាលខេត្តរតនគិរី បង្ហាញថា បច្ចុប្បន្ននៅក្នុង ខេត្តមានក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន ២៦ក្រុមហ៊ុន លើផ្ទៃដីសរុបជាង១៥ម៉ឺនហិកតា ក្នុងនោះមានដំណាំកៅស៊ូ ដូងប្រេង ដំឡូងមី ស្វាយចន្ទី ឈើហូបផ្លែ ដំណាំកាហ្វេ និងដំណាំផ្សេងៗទៀត។ លើដំណាំកៅស៊ូកសិ-ឧស្សាហកម្ម និងគ្រួសារ កំពុងធ្វើអាជីវកម្មចៀរជ័រជាង ៣ម៉ឺនហិកតា ខណៈរោងចក្រ កែច្នៃកៅស៊ូក្រែបមានចំនួន ៧ទីតំាង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: