ខេត្តស្វាយរៀង គ្រោងប្រារព្ធពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលាខាងមុខនេះ
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលប្រជុំអាគារ”ឃ”សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ដើម្បីពន្លឿនលើការងារទាំងនោះឲ្យមានប្រសិទ្ធភាពនឹងទាន់ពេលវេលា។
សូមជម្រាបជូនថា ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោឆ្នាំ២០២២នេះ គ្រោងនឹងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យទី២៩-៣០ ខែតុលា ឆ្នាំ២០២២។ ទន្ទឹមនោះដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា និងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តស្វាយរៀងបានបង្កើតគណៈកម្មការចំនួន ១ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀតជាជំនួយការផងដែរ ៕





ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង