គ.ជ.ប ប្រកាសជ្រើសរើសមន្ត្រីរាជការរយៈពេលខ្លីចំនួន ៣៣០៤នាក់ ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង គ.ជ.ប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ គ.ជ.ប ត្រូវការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៣.៣០៤ រូប ជាមន្ត្រីរាជការរយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត ដោយក្នុងមួយឃុំ សង្កាត់ ត្រូវជ្រើសរើសចំនួន ២រូប ដែលមានមុខតំណែងដូចខាងក្រោម៖

ទី១៖ ប្រធានក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១រូប
ទី២៖ សមាជិកក្រុមចុះឈ្មោះបោះឆ្នោតជាការីកុំព្យូទ័រ ចំនួន ១រូប។
សាធារណជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ សូមអញ្ជើញមកទំនាក់ទំនងទទួល និងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមសាលាឃុំ-សង្កាត់ ឬ/និងទីសាធារណៈក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ លធ.ខប ពាក់ព័ន្ធ។
ពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។ បេក្ខជនអាចទាញយកពាក្យសុំប្រឡងចូលបម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬស្ពែន QR-Code ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។
-ការចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ (វេលាម៉ោង ៧៖០០នាទីព្រឹក)
-ការឈប់ទទួលពាក្យ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ (វេលាម៉ោង ១៧៖៣០ នាទីល្ងាច)
-ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត
-ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ៕





ប្រភព៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee