សម្ដេតេជោ ហ៊ុន សែន ប្រកាសពីការរៀបចំតំបន់រុនតាឯកឱ្យក្លាយទៅជាទីក្រុងរណបមួយរបស់ខេត្តសៀមរាប
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវអភិវឌ្ឍន៍កែប្រែតំបន់រុនតាឯក ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងរណបមួយរបស់ខេត្តសៀមរាប និងបង្ហាញពីមហិច្ឆតាប្រែក្លាយខេត្តដែលនៅភាគខាងជើង ដូចជា ខេត្តសៀមរាប ព្រះវិហារ ឧត្ដរមានជ័យ។ល។ ឱ្យក្លាយទៅ«ជាតារារះនៅទិសឧត្ដរ»។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរចំនួន ១ ១១៧ គ្រួសារនាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងអរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់ការដឹកនាំការងារនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា តំបន់រមណីយដ្ឋានអង្គរ សម្តេចព្រះវររាជបិតា សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ជាពិសេសលើព្រះរាជកិច្ចការពារ និងថែរក្សា ហើយព្រះអង្គបានផ្តួចផ្តើមព្រះបញ្ញាញាណដោយផ្ទាល់ ក្នុងការស្នើដាក់តំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២។ សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះយើងត្រូវតែអនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយ ដែលកំណត់ដោយអង្គការយូណេស្កូ សម្រាប់ការថែរក្សារសម្បត្តិវប្បធម៌របស់ដូនតាយើង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឱ្យបញ្ចូលប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់លំនៅឋានថ្មីនៅគម្រោងអភិវឌ្ឍន៍ភូមិរុនតាឯកទាំងអស់ ដោយទទួលបាននូវប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងយកចិត្តទុកដាក់ចំពោះស្រី្ដមានផ្ទៃពោះ ដើម្បីឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ រួមទាំងថវិកាពីរាជរដ្ឋាភិបាល។ សម្តេចតេជោ ក៏បានប្រកាសផ្តល់ជូន ជាអង្ករ៥០គីឡូ មី ត្រីខ ស័ង្គសី ៣០សន្លឹក និងថវិកាចំនួន ១លាន ៤សែនរៀល ក្នុងមួយគ្រួសារផងដែរ។ ក្រៅពីនេះ សម្តេចតេជោ បានបញ្ជាឱ្យរៀបចំផ្លូវចូលទៅកាន់ភូមិនេះ ត្រូវចាក់កៅស៊ូ តប្រព័ន្ធទឹកស្អាត និងអគ្គិសនីរបស់រដ្ឋ រៀបចំសាលារៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ អគារស្នាក់នៅរបស់គ្រូបង្រៀន មន្ទីរពេទ្យ និងផ្សារលក់ដូរ ជូនបងប្អូនប្រជាពលរដ្ឋដែលបានទៅរស់នៅទីនោះផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមការក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរ ផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ប្រតិបត្តិការនេះ ដើម្បីរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣ ៣៥១ ក្បាលដី ទំហំ ១០ ៩៤៥ ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩ ០៤០ ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៤៧ ៣៤០ ក្បាលដី និងក្បាលដីជាដីស្រែចម្ការចំនួន ៦ ៩៩១ ក្បាលដី៕




ប្រភព៖ ក្រសួងព័ត៌មាន