ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលព្រៃឈើ បញ្ជាក់ថាដើមឈើដែលត្រូវបានឈូសឆាយ នៅតំបន់ភ្នំតាម៉ៅ ពុំបានយកទៅធ្វើពាណិជ្ជកម្មឡើយ ខណៈបច្ចុប្បន្ននេះការដាំកូនឈើសម្រេចបាន១០០%ហើយ

    BY Khmernote Media September 17, 2022
    រដ្ឋបាលព្រៃឈើ បញ្ជាក់ថាដើមឈើដែលត្រូវបានឈូសឆាយ នៅតំបន់ភ្នំតាម៉ៅ ពុំបានយកទៅធ្វើពាណិជ្ជកម្មឡើយ  ខណៈបច្ចុប្បន្ននេះការដាំកូនឈើសម្រេចបាន១០០%ហើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលព្រៃឈើ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយកាលពីពេលថ្មីៗនេះ មានការចុះផ្សាយតាមបណ្ដាញព័ត៌មានអំពីចម្ងល់ទាក់ទងការយកឈើប្រណិតដែលបានមកពីធ្វើការឈូសឆាយនៅតំបន់ភ្នំតាម៉ៅ និងបានលក់ទៅណា។

    រដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានភាពទីតាំងដីឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” មានដើមឈើដាំ ដើមឈើដុះដោយធម្មជាតិ និងដើមឈើដុះដោយខ្នែងដូចជាប្រេងខ្យល់ អាកាស្យា ត្បែង ផ្ចិក សុក្រំជាដើម ដែលមានទំហំតូចៗស្ថិតនៅរាយបាយពុំមានឈើប្រណីត និងប្រភេទឈើដែលមានតម្លៃពាណិជ្ជកម្មឡើយ។

    ដោយឡែក ដើមឈើនៅតំបន់ដែលបានឈូសឆាយរួច មានដើមឈើស្នែងស្ទើរតែទាំងស្រុង ហើយឈើដែលកាប់រួចទាំងនេះមិនបានយកទៅលក់ដូរនោះទេ ប៉ុន្តែមានប្រជាពលរដ្ឋដែលរស់នៅជុំវិញស្នើសុំយកទៅប្រើប្រាស់ជាអុស រីឯសំណល់សេសសល់បានសម្អាត និងបានកប់ទុកនៅទីតាំងផ្ទាល់ ដើម្បីសម្អាតទីធ្លាងាយស្រួល ក្នុងការដាំដុះឈើឡើងវិញ។ បច្ចុប្បន្ននេះ ការដាំកូនឈើឡើងវិញសម្រេចបាន១០០% រួមទាំងការជីកស្រះ និងអាងស្តុកទឹក អនុវត្តស្ទើរបានទាំងស្រុង លើសពីនេះតំបន់នេះ នឹងរៀបចំជាសួនភូតគាមស្រស់បំព្រងសម្រាប់បម្រើទេសចរណ៍នានាសម្រាកកម្សាន្ត និងមានរបងព័ទ្ធជុំវិញ។

    រដ្ឋបាលព្រៃឈើអង្កេតឃើញថា នៅមានជនអគតិមួយចំនួននៅតែបន្តកេងប្រវ័ញ្ញ និងឆ្លៀតឱកាសយករឿងភ្នំតាម៉ៅ ដើម្បីចំណេញនយោបាយរបស់ពួកគេ។ រដ្ឋបាលព្រៃឈើក៏បានអញ្ជើញសាធារណជន ទៅពិនិត្យមើល និងសាកសួរប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ និងក្រុមការងារដែលកំពុងរៀបចំសួនភូតគាម នៅទីតាំងផ្ទាល់៕

    ប្រភព៖ រដ្ឋបាលព្រៃឈើ Forestry Administration, Cambodia

    Share This Post: