ឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោក និងសួនសត្វ នៅខេត្តសៀមរាប សាងសង់លើផ្ទៃដីជាង ១០០ ហិកតា ទុនវិនិយោគសរុប ៧០ លានដុល្លារ គ្រោងនឹងបើកនៅ ចុងខែតុលា ឆ្នាំ២០២២
យោងតាមការបង្ហោះរបស់លោកជំទាវទាង អេង ភរិយារបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបង្ហោះនៅលើទំព័រហ្វេសបុក ឲ្យដឹងពីឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោក គ្រោងនឹងបើកនៅ ចុងខែ១០ ឆ្នាំ២០២២ នាពេលខាងមុខនេះនៅក្នុងខេត្តសៀមរាប។ លោកជំទាវបានរៀបរាប់ថា៖

កុំច្រឡំថានៅស្រុកក្រៅ ពុកម៉ែ បងប្អូន នេះជាឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោក គ្រោងនឹងបើកនៅ ចុងខែ១០ ឆ្នាំ២០២២ នាពេលខាងមុខនេះហើយ នៅក្នុងខេត្តសៀមរាបយើងហ្នឹង ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន អមជាមួយប្រាសាទអង្គរ ។
ឧទ្យានមួយនេះបង្កើតឡើងដោយ Angkor Wildlife and Aquarium អាងចិញ្ចឹមត្រី និងអាណាចក្រអង្គរ សួនសត្វ នឹងត្រូវសាងសង់លើផ្ទៃដីជាង ១០០ ហិកតា ជាមួយនឹងទុនវិនិយោគសរុប ៧០ លានដុល្លារអាមេរិក។ ខ្ញុំមិននឹកស្មានថាប្រទេសខ្មែរយើងឥឡូវជឿនលឿនមិនចាញ់ស្រុកគេទេ អ្វីៗក៏មានហើយទំនើបទៀត សំខាន់នោះគឺមាន សន្តិភាព សុវត្ថិភាពគ្រប់ទីកន្លែង ល្បឿននៃការអភិវឌ្ឍនលឿនហួសពីការរំពឹងទុកទៅទៀត ។
ខ្ញុំបានដើរមើលនៅក្នុងឧទ្យានមួយនេះ
គឺមានចំណុចពិសេសច្រើន មួយគឺខ្ញុំមិនធ្លាប់បានឃើញត្រីទឹកសាបដែលរស់នៅក្នុងទន្លេមេគង្គ ដែលមានរូបរាងប្លែកធំគឺត្រីរាជ ទម្ងន់ដល់ទៅ ១០០គីឡូជាង និងកម្របានឃើញ ទីពីរមានអ្នកជំនាញមើលថែត្រី និងអភិរក្សត្រីប្លែកៗ យ៉ាងយកចិត្តទុកដាក់ ។ ខ្ញុំគិតថាយើងគួរយកកូនៗមកលេងម្តង ហើយឲ្យពួកគាត់បានស្គាល់ថានេះជាត្រីកម្ររបស់ខ្មែរយើង ទីបីកន្លែងនេះនាំមកនូវការអប់រំសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប ។
បើរៀបរាប់មិនអស់ទេ ដូច្នេះសូមបងប្អូនអញ្ជើញមក ទស្សនាដោយផ្ទាល់វិញល្អជាង 🦭🐠🐟
សូមអរគុណ ដល់បងប្រុស និងបងស្រី ដែលបានអញ្ជើញខ្ញុំ និងក្រុមគ្រួសារមកលេងនៅ Aquarium ហើយទទួលបានភាពកក់ក្តៅយ៉ាងពេញលេញ 😇🙏🏼💙🤝។
សៀមរាប ផ្ទះខ្ញុំ 🏡
សៀមរាប ធ្វើបាន🤟 ។













