ប្រធានាធិបតីលោក ចូ បៃដិន អះអាងម្តងទៀតថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនមានការវាយប្រហារពីសំណាក់ប្រទេសចិន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយម្តងទៀតថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ពី «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក» ពីសំណាក់ប្រទេសចិន។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្ដិ៍ CBS លោកត្រូវបានគេសួរថា តើកងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ដែរ ឬទេ ហើយលោកបានឆ្លើយថា «បាទ» ទៅនឹងសំណួរមួយនោះ។ បទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ បានបញ្ជាក់សាជាថ្មីថា គោលនយោបាយរបស់សហរដ្ឋអាមេរិកមិនបានផ្លាស់ប្តូរឡើយ។ ពោលគឺ ទីក្រុងវ៉ាស៊ីនតោនតែងតែនៅកណ្ដាល ដោយខ្លួនមិនបានប្តេជ្ញាការពារតៃវ៉ាន់នោះទេ ប៉ុន្តែក៏មិនបដិសេធការជួយនោះដែរ។

តៃវ៉ាន់ជាកោះគ្រប់គ្រងដោយខ្លួនឯង នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន ដែលក្រុងប៉េកាំងទាមទារជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយទីក្រុងវ៉ាស៊ីនតោនមានការប្រុងប្រយ័ត្នខ្ពស់ខាងការទូតលើបញ្ហានេះ។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង។ ក្រោមគោលនយោបាយនេះ តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន ហើយជំហរមិនត្រូវបានជំទាស់ឡើយ។ ដូច្នេះ អាមេរិកមិនទទួលស្គាល់ថា តៃវ៉ាន់ជារដ្ឋដាច់ដោយឡែក និងគ្មានទំនាក់ទំនងការទូតជាមួយកោះនេះទេ។ ប៉ុន្តែខ្លួនរក្សាទំនាក់ទំនងជិតស្និទ្ធ និងលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលចែងថា អាមេរិកត្រូវតែផ្តល់មធ្យោបាយការពារដល់កោះតៃវ៉ាន់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC