ព័ត៌មានជាតិ

និយ័តករទូរគមនាគមន៍កម្ពុជា ណែនាំឱ្យបញ្ឈប់រាល់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “ គម្រោងខ្ចីលុយ ”

BY
srey nuch
September 23, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំ ស្តីពី ការបញ្ឈប់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “ គម្រោងខ្ចីលុយ ” ។

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត និងសាធារណជនទាំងអស់ថា ផ្អែកតាមលិខិតលេខ៨០៩ សជណ.ពប ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់រាល់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា «គម្រោងខ្ចីលុយ»។

ចំពោះគម្រោងខ្ចីលុយដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវបន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកលុយដែលបានខ្ចី ដោយកំណត់យក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។

ក្នុងន័យនេះ ន.ទ.ក. សូមណែនាំដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់។ ន.ទ.ក. នឹងបន្តតាមដាន ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន និងការសម្រេចរបស់រាជរដ្ឋាភិបាល៕

ប្រភព៖ និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia

Share This Post: