ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៤ ខែតុលា កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះទី១៦ អាចបណ្ដាលឱ្យមានភ្លៀងធ្លាក់ច្រើន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូធម្មជាតិ

    BY Khmernote Media September 27, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៤ ខែតុលា កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះទី១៦ អាចបណ្ដាលឱ្យមានភ្លៀងធ្លាក់ច្រើន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូធម្មជាតិ

    រាជថានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖

    នៅថ្ងៃទី២៨-២៩ ខែកញ្ញាប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះណូរុ (NORU)។ ព្យុះនេះនឹងចូលលើប្រទេសវៀតណាមភាគកណ្ដាលនៅវេលាម៉ោង ១យប់ ថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្រិតជា (STS) រួចបន្ថយឥទ្ធិពលទៅវិសម្ពាធ(TD) ចូលមកលើអាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពលទៅជាសម្ពាធទាប(LOW)។ បន្ទាប់មកកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

    ១.តំបន់ទំនាបកណ្តាល
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣២០-៣២ °C
    – នៅថ្ងៃទី២៨-២៩ ខែកញ្ញា បណ្ដាខេត្តក្នុងភូមិសាស្ត្រជាប់ព្រំដែនថៃអាចមានភ្លៀងក្នុងកំរិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ រីឯរាជធានី និងបណ្ដាខេត្តដទៃទៀត ភ្លៀងនឹងអាចធ្លាក់ក្នុងកំរិតពីតិចទៅបង្គួរតែប៉ុណ្ណោះ។ បន្ទាប់ពីនោះភ្លៀងអាចធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។

    ២. តំបន់ខ្ពង់រាប
    – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
    – នៅថ្ងៃទី២៨-២៩ ខែកញ្ញា អាចមានភ្លៀងក្នុងកំរិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បន្តពី៣០ ខែកញ្ញាទៅ ភ្លៀងនឹងអាចធ្លាក់ក្នុងកំរិតពីខ្សោយទៅបង្គួរតែប៉ុណ្ណោះ។

    ៣. តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
    – អាចមានភ្លៀងក្នុងកំរិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងលាយឡំនិងខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ បន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។

    យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជន ជ្រាបជាព័ត៌មាន និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: