ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក បានបណ្តាលឱ្យលិចផ្ទះពលរដ្ឋចំនួន ៣៩៨គ្រួសារ និងប៉ះពាល់ផលដំណាំចំនួន ១ ២៩១ ហិកតា

BY
srey nuch
September 30, 2022

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ១០៥គ្រួសារ ក្នុងនោះចំនួន ៣៩គ្រួសារ នៅឃុំពេជ្រចិន្តា និងចំនួន ៦៦ គ្រួសារទៀត នៅឃុំប៊ួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរស្រុកភ្នំព្រឹក ធ្វើការជម្លៀសមករកទីទួលសុវត្ថិភាព ប្រកបដោយជោគជ័យ ខណៈជំនន់ទឹកភ្លៀងបានជន់ លិចភូមិករ និងផ្ទះសម្បែងរបស់ពួកគាត់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។ នេះបើតាមការឱ្យពី លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក។

លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានបញ្ជាក់ទៀតថា នៅក្នុងការចុះ អន្តរាគមន៍ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋងាយរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ មានការចូលរួមសហការគ្នារវាងអាជ្ញាធរស្រុក ឃុំ និងកងកម្លាំងប្រដាប់អាវុធទាំង៣ អង្គភាព ដែលកំពុងឈរជើងនៅតំបន់ព្រំដែន តាំងពីព្រឹកថ្ងៃទី២៩ ខែកញ្ញា បន្ទាប់ពីមានភ្លៀងធ្លាក់មក ជាប់ៗគ្នាក្នុងរយៈប៉ុន្មានថ្ងៃមកនេះ ដែលបានបង្កឱ្យមានការជន់លិចទៅលើផ្ទះសម្បែង និងផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់។ ស្ថានភាពជំនន់ទឹកភ្លៀងនេះ គឺមានលក្ខណៈធ្ងន់ធ្ងរតែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ពោលគឺចាប់តាំងពីថ្ងៃទី២៧ មកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ គឺដោយសារតែមានភ្លៀងធ្លាក់មកខ្លាំង៣ថ្ងៃជាប់គ្នា ទើបបង្កជាជំនន់ទឹកភ្លៀងនេះ។

ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ធ្ងន់ធ្ងរនៅ ឃុំប៊ួរ នៃស្រុកភ្នំព្រឹក ដែលមានភ្លៀង ធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យមានទឹកជំនន់រហ័សបង្កឱ្យមានការលិចលង់ដល់លំនៅឋាន និង ផលដំណាំរបស់ប្រជាពលរដ្ឋប្រមាណ ១ ២៩១ហិកតា ក្នុងនោះមាន ដំឡូងមីចំនួន ៩០២ហិកតា ពោតក្រហមចំនួន៣២១ហិកតា សណ្ដែកបាយ ៥ហិកតា ស្រូវ៥៣ហិកតា បន្លែ ១០ ហិកតា ហើយទឹកបានលិចដល់ខ្នងផ្ទះពលរដ្ឋចំនួន៣៩៨គ្រួសារ ក្នុងនោះមាន ៦៦គ្រួសារ ត្រូវបានជម្លៀសចេញពីលំនៅឋានមកកាន់ទីទួលសុវត្ថិភាព ហើយរដ្ឋបាលឃុំ បានឧបត្ថម្ភស្បៀងសង្គ្រោះបន្ទាន់ជូនពួកគាត់មាន៖ អង្ករ៥២៥គីឡូក្រាម ទឹកត្រី១១យូ ទឹកស៊ីអ៊ីវ១១យួរ និងត្រីខ១១យួរ។ ជាមួយគ្នានោះដែរ ក៏មានការខូចខាតហេដ្ឋា រចនាសម្ព័ន្ធ ក្នុងឃុំ មានផ្លូវចំនួន៦ខ្សែ ស្មើនឹង ៣២.៣៩០ម៉ែត្រ លូកាត់ផ្លូវ២កន្លែង និងស្ពានឈើ១ កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: