ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាដកចេញវិធានការសុខាភិបាលមួយចំនួនទៀត សម្រាប់ជនបរទេស ដែលចូលមកប្រទេសកម្ពុជា និងមិនតម្រូវឱ្យបង្ហាញសេចក្ដីប្រកាសសុខភាព ឬវិញ្ញាបនបត្រវ៉ាក់សាំង

    BY Khmernote Media October 3, 2022
    កម្ពុជាដកចេញវិធានការសុខាភិបាលមួយចំនួនទៀត សម្រាប់ជនបរទេស ដែលចូលមកប្រទេសកម្ពុជា និងមិនតម្រូវឱ្យបង្ហាញសេចក្ដីប្រកាសសុខភាព ឬវិញ្ញាបនបត្រវ៉ាក់សាំង

    រាជធានីភ្នំពេញ៖ យោងតាមការសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញវិធានការសុខាភិបាលមួយចំនួន សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញនៅពេលមកដល់កម្ពុជា។

    ចំពោះអ្នកដំណើរមកពីបរទេស ដូចខាងក្រោម៖

    ទី១៖ ដកចេញនូវវិធានការដែលតម្រូវឲ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកចូលផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ នៅពេលមកដល់កម្ពុជា

    ទី២៖ បន្ដរក្សាទុកនូវម៉ាស៉ីនវ៉ាស់កម្ដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ដ្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួន នៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្ដល់យោបល់ចំពោះអ្នកដំណើរដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។

    ទោះបីជាមានការកែសម្រួលនូវវិធានការដូចមានចែងខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញ អញ្ជើញទៅចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ។ ក្រសួងសុខាភិបាល ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ និងតាមដានសុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ ៕

    Share This Post: