ប្រព័ន្ធផ្កាយរណបដំបូងរបស់ថៃត្រូវបានដាក់ទៅក្នុងគន្លងគោចរប្រកបដោយជោគជ័យ
- December 25, 2018
ថៃ៖ បើយោងតាមសាកលវិទ្យាល័យបច្ចេកវិទ្យាថៃបានឲ្យដឹងថា ប្រព័ន្ធផ្កាយរណបដំបូងរបស់ថៃត្រូវបានគេដាក់ទៅក្នុងគន្លងគោចរប្រកបដោយជោគជ័យហើយ។ ផ្កាយរណបនេះជាប្រភេទផ្កាយរណបសម្រាប់ការអប់រំ មានទម្ងន់ ១ គីឡូក្រាម និងប្រវែង ១០ សង់ទីម៉ែត្រទាំងសងខាង។ មុននឹងសម្រេចដាក់វាទៅក្នុងគន្លងគោចរដូចនេះ វាត្រូវបានគេធ្វើតេស្តិ៍សាកល្បងក្នុងគ្រាប់រ៉ូកែត SpaceX Falcon 9 ក្នុងស្ថានីអវកាសក្នុងរដ្ឋ California សហរដ្ឋអាមេរិកប្រកបដោយភាពជោគជ័យរួចហើយ។ ផ្កាយរណបនេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវក្នុងសាកលវិទ្យាល័យរបស់មហាក្សត្រថៃ King Mongkut’s University of Technology North Bangkok (KMUTNB)។
ហើយក្រុមការងារស្រាវជ្រាវ KMUTNB នេះគឺស្ថិតក្រោមការដឹកនាំរបស់លោក Pongsatorn Saisutjarit ដែលបានបញ្ចប់ការសិក្សាមកពីទីសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន។ គម្រោងនេះបានផ្តើមក្នុងឆ្នាំ ២០១២ ដោយមានការចាប់ផ្ដើមពីមូលនិធិ ដែលមានទឹកប្រាក់ ២៧០,០០០ ដុល្លារ។ ភាពជោគជ័យមួយនេះបានបង្ហាញយ៉ាងច្បាស់ថា វិស័យបច្ចេកវិទ្យាថៃកំពុងតែរីកចម្រើនខ្លាំង ដូចបណ្តាប្រទេសធំៗនៅលើពិភពលោកដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost
- Share This Post:






