ព័ត៌មានជាតិ

ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំមានការកើនឡើង ខណៈសាលារៀនប្រមាណ ៥០សាលា ត្រូវបានផ្អាកជាបណ្តោះអាសន្ន

BY
Khmernote Media
October 5, 2022

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំមានការកើនឡើង បណ្តាលឱ្យក្រុង ស្រុក ចំនួន០៧ រងផលប៉ះពាល់ សាលារៀនចំនួន៥០បានផ្អាកជាបណ្តោះអាសន្ន ក្នុងចំណោម៧៤សាលាបានជន់លិច។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍! លោក សុខ ហៃ អភិបាល រងខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះថា គិតត្រឹមម៉ោង៦ព្រឹកមិញ ស្ថានភាពទឹកស្ទឹងសែនហាក់មានសភាពកើនឡើង ពោលគឺទឹកឡើងជាងម្សិលមិញប្រហែល៥ហ៊ុន។

លោកបន្តថាស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ គិតមកដល់បច្ចុប្បន្ន បានជន់លិចស្រុក ក្រុងចំនួន៧ រួមមាន៖ ស្រុកសណ្តាន់ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបាល័ង្គ ស្រុកស្ទោង ស្រុកតាំងគោក និងក្រុងស្ទឹងសែន បណ្តាលឱ្យលំនៅឋានប្រជាពលរដ្ឋជាច្រើនរងផលប៉ះពាល់ ដំណាំកសិកម្មជាង២,០០០ហិកតា និងខូចខាតប្រមាណជាង២០ហិកតា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងជាពិសេសសាលាចំនួន៧៤សាលាបានជន់លិច ក្នុងនោះចំនួន៥០សាលារៀនត្រូវបានផ្អាកជាបណ្តោះអាសន្ន។ លោកបន្តថា ក្រោមការយកចិត្តទុកពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តបានស្រង់ទិន្ន័យប្រជាពលរដ្ឋដែលរងគ្រោះ មានជីវភាពខ្វះខាត ដើម្បីផ្តល់ជាអំណោយសង្រ្គោះបន្ទាន់ ជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

ក្នុងនោះអាជ្ញាធរខេត្តបានអំពាវនាវនិងផ្សព្វផ្សាយជាប្រចាំ ឱ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់ផ្សេងដែលបង្កឡើងដោយជំនន់ទឹកភ្លៀងនេះ។ សំឡេង៖ មានការឡើងសម្រាប់ទឹកស្ទឹងសែន បើប្រៀបធៀបពីម្សិលមិញមានការឡើងប្រហែលខ្ទង់ ៥ហ៊ុន យើងមានការលិចទៅលើស្រូវពលរដ្ឋប្រមាណជាង២,០០០ហិកតា ការខូចខាតមានការខូចខាតតិចតួចទេ បើលិចច្រើន ប៉ុន្តែខូចខាតប្រមាណជាង២០ ហិកតាទេ បើសិនទឹកបន្តឡើងវាអាចប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន សាលារៀនមួយចំនួនក៏ត្រូវផ្អាក បច្ចុប្បន្នសាលារៀន៥០ហើយដែលត្រូវផ្អាកការរៀន ក្នុងចំណោម៧៦សាលាដែលបានលិច។

ប្រជាពលរដ្ឋដែលទឹកលិចនោះវាច្រើន សម្រាប់ការលិចចូលផ្ទះ ចូលអីធម្មតា ហើយខេត្តក៏មានការស្រង់ចំពោះពលរដ្ឋដែលបានលិចផ្ទះ ដែលរងការជន់លិច តែគាត់មានជីវភាពខ្វះខាត។ គ្រប់កម្មវិធីដែលឯកឧត្តមអភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបានចុះផ្តល់អំណោយជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសហ្នឹងតែងតែលើកប្រសាសន៍ផ្តាំផ្ញើផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

សូមជម្រាបផងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅស្ថានីយវាស់កម្ពស់ទឹកស្ទឹងសែន ក្រុងស្ទឹងសែន មានកម្ពស់ ១៣,៩៥ម ដែលលើសកម្ពស់ឱ្យមានការប្រុងប្រយ័ត្នបឋម ០,៤៥ម ( កម្ពស់ប្រុងប្រយ័ត្នបឋម ១៣,៥០ម ) ស្ថានភាពបែបនេះបានធ្វើឱ្យទឹកចាប់ផ្តើមជន់លិចផ្លូវមួយចំនួននៅជុំវិញក្រុងស្ទឹងសែន និងនៅក្នុងក្រុងទឹកបានហូរចេញពីស្ទឹងជន់លិចផ្លូវមួយខ្សែ នៅមាត់ស្ទឹងនៅត្រង់ម្តុំផ្សារចាស់ ( ត្រើយខាងជើងនៃស្ទឹង សែន ) ប្រវែងប្រហែល ១០០ ម៉ែត្រ មានកម្ពស់ប្រហែល១០ ទៅ១៥សង់ទីម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: