ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វេទិកាអុំទូកខេត្តបាត់ដំបង សង់រួចរាល់ហើយ បង្អួតសម្រស់ពេលរាត្រី ជាមួយក្បូរក្បាច់រចនាបថបែបបុរាណរបស់ខ្មែរ យ៉ាងស្រស់ស្អាត

    BY Khmernote Media October 5, 2022
    វេទិកាអុំទូកខេត្តបាត់ដំបង សង់រួចរាល់ហើយ បង្អួតសម្រស់ពេលរាត្រី ជាមួយក្បូរក្បាច់រចនាបថបែបបុរាណរបស់ខ្មែរ យ៉ាងស្រស់ស្អាត

    ខេត្តបាត់ដំបង៖ កាលពីពេលយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការបង្ហោះចែកចាយរូបភាពដ៏ស្រស់ស្អាតនៃ វេទិកាអុំទូកខេត្តបាត់ដំបង នាពេលរាត្រី មុននឹងពិធីសម្ពោធប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។ វេទិកាអុំទូកក៏ធំស្កឹមស្កៃស្ថិត នៅជាប់មាត់ស្ទឹងសង្កែ ខេត្តបាត់ដំបងប៉ែកខាងលិច ដែលសាងសង់ឡើងតាមរចនាបថបែបបុរាណរបស់ខ្មែរ លាយឡំរចនាបថជំនាន់បារាំងខ្លះផងនោះ។

    តាមមន្រ្តីជំនាញបានបញ្ជាក់ថាវេទិកាអុំទូកខេត្តបាត់ដំបងថ្មីនេះ អាចផ្ទុកមនុស្សបានប្រមាណ ៤០០ នាក់នៅពេលដែលសាងសង់រួច។ តាមទស្សនៈនៃការរចនាអគារវេទិកាអុំទូកដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបងនេះ បានបង្ហាញថា ក្បាច់រចនាបថនានារបស់ខ្មែរក្នុងសម័យបុរាណនិងសំណង់សម័យ អាណានិគមបារាំងផងដែរ ត្រូវបានយកមកផ្គុំដំឡើង ក្នុងវេទិកាដ៏ធំសម្បើមនេះ ដោយសុទ្ធសឹងតែសំរិតសំរាំងយកគំរូតាមអគារបេតិកភ័ណ្ឌ ដែលមានអាយុកាលខ្ទង់រយឆ្នាំមកបញ្ចូលគ្នា ដូចជា អគារសាលាខេត្ត ចាស់ដែលមាន អាយុ១១៧ឆ្នាំសាងសង់ក្នុងសម័យបារាំង និងសិក្សាយក លំនាំតាមទម្រង់ព្រះរាជដំណាក់ផែ មកជាទម្រង់អគារវេទិកានេះតែម្តង។

    លក្ខណៈពិសេសនៃអគារនេះដែលមានដំបូលសញ្ញាកាកបាទបួនទិសធំៗមានបង្ហាញនូវហោជាងយ៉ាងស្រស់ឆើតឆាយ។ រចនាបថខ្លះបានយកលំនាំតាមព្រះវិហារចំណាស់ ៣០០ ឆ្នាំនៅវត្តសំរោង វត្តឥន្រ្ទាធិបតី រឺវត្តសង្កែ ដែលមានអាយុកាល១៣២ឆ្នាំ និង វត្តពិភិទ្ធារាមមានអាយុកាលជាង១០០ឆ្នាំជាដើម ។

    ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងបានជូនដំណឹងថា នឹងរៀបចំប្រារព្ធពិធីបុណ្យុ អុំទូក និងបណ្តែតប្រទីបនៅថ្ងៃចេញព្រះវស្សា នាថ្ងៃទី០៩និងទី១០ខែតុលាឆ្នាំ២០២២ ខាងមុខ នៅតាមបណ្តោយ ដងស្ទឹងសង្កែ ចាប់ពីស្ពានសម្តេចក្រឡាហោមសខេងដល់ ស្ពានថ្មថ្មី។ ក្នុងកម្មវិធីបុណ្យអុំទូកនេះ ក៏មានការអុចកាំជ្រួច និង តាំងពិព័រណ៍ពាណិជ្ជកម្មផងដែរ ៕

    Share This Post: