ចំនួនអ្នកស្លាប់ដោយសាររលកយក្សស៊ូណាមិបានកើនដល់ ៣៧៣នាក់ ខណៈដែលច្រើននាក់ផ្សេងទៀតនៅតែបាត់ខ្លួន
ឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់ដោយសាររលកយក្សស៊ូណាមិ ដែលវាយប្រហារទៅលើឆ្នេរសមុទ្រ Sunda នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៣៧៣នាក់ និង ១,៤៥៩នាក់ បានរងរបួស ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តមានចំពេលមានការប្រឈមមុខនឹងអាកាសធាតុអាក្រក់ និងការទទួលរងការខូចខាតធ្ងន់ធ្ងរ។
ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តរាប់រយនាក់ កំពុងធ្វើការស្រាវជ្រាវ និងជួយសង្គ្រោះនៅក្នុងតំបន់ដែលរងផលប៉ះពាល់តាមបណ្តោយឆ្នេរសមុទ្រនៃកោះចាវ៉ា និងកោះស៊ូម៉ាត្រាភាគខាងត្បូង ដែលត្រូវបានវាយប្រហារកាលពីយប់ថ្ងៃសៅរ៍ ដោយរលកយក្សស៊ូណាមិ បន្ទាប់ពីការបាក់ដីក្រោមទឹកពីភ្នំភ្លើង Anak Krakatau ដែលឱ្យសញ្ញាគ្រោះថ្នាក់រាប់ខែមកហើយ។ ក្រុមអ្នកជួយសង្គ្រោះរួមមាន ឧបករណ៍គ្រឿងចក្រធុនធ្ងន់ បានចូលទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំង ដើម្បីនាំយកជនរងគ្រោះចេញពីនោះបន្ថែមទៀតពីគ្រោះមហន្តរាយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ xinhuanet



