អ៊ីរ៉ង់យល់ព្រមធានាសុវត្ថិភាពសម្រាប់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសរយៈពេល ២សប្តាហ៍
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងធានាសុវត្ថិភាពសម្រាប់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសរយៈពេល ២សប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែមេសា។ ក្នុងរយៈពេល ២សប្តាហ៍ដ៏សំខាន់នេះ អ៊ីរ៉ង់នឹងបើកកិច្ចចរចារជាមួយសហរដ្ឋអាមេរិកដើម្បីស្វែងដំណោះស្រាយក្នុងការបិទបញ្ចប់សង្គ្រាមទាំងស្រុងផងដែរ។

ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលទេគឺកិច្ចចរចារស្តីការបិទបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនឹងត្រូវចាប់ផ្តើមនៅក្នុងថ្ងៃសុក្រខាងមុខនេះហើយ នៅឯទីក្រុងអ៊ីស្លាម៉ាបាដ ដែលជារដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន។ សូមបញ្ជាក់ជូនថា ការប្រកាសរបស់ប្រទេសអ៊ីរ៉ង់ខាងលើនេះគឺជាឆ្លើយតបទៅនឹងលោក ដូណាល់ ត្រាំ ដែលកាលពីព្រឹកមិញនេះបានប្រកាសថា អាមេរិកនឹងផ្អាកទម្លាក់គ្រាប់បែកទៅលើអ៊ីរ៉ង់រយៈពេល ២សប្តាហ៍ ប្រសិនបើអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia