Asus បង្ហាញស្មាតហ្វូនធន់កណ្តាលស៊េរីថ្មី សម្រាប់ទាក់ចិត្តអ្នកប្រើ
- December 25, 2018
ក្រោយពីភាពជោគជ័យរបស់ Zenfone Max Pro M1 ឥឡូវនេះក្រុមហ៊ុន Asus បានបញ្ចេញស្មាតហ្វូនមួយម៉ូដែលទៀត គឺ Zenfone Max Pro M2 ហើយ។ អ្វីដែលជោគជ័យខ្លាំងកាលពី Max pro M1 នោះគឺថ្មដែលមានទំហំធំរបស់វា។ ហើយ Max Pro M2 ក៏បានកែប្រែរូបរាងខ្លះៗ រក្សាទំហំថ្មនៅធំដដែល និងប្រើប្រាស់ Android UI តែអ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់មានការខកចិត្តនោះ គឺ Max Pro M2 មិនមានការសាកថ្មលឿននោះទេ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាកំពុងដែលត្រូវការនៅលើស្មាតហ្វូនរបស់ពួកគេ ទូរស័ព្ទដែលមានទំហំថ្មធំ តែបែជាគ្មានប្រព័ន្ធសាកលឿនទៅវិញ។ តែយ៉ាងណាក៏ Zenfone Max Pro M2 នៅតែអាចយកឈ្នះការប្រកួតប្រជែងផងដែរ ដោយសារតែស្មាតហ្វូននេះមានតម្លៃទាប កម្លាំងម៉ាស៊ីនស្ថិតនៅក្នុងកម្រិតមធ្យម។
Zenfone Max Pro M2 ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 660 មានអេក្រង់ទំហំ 6.26-inch ក្រាលដោយកញ្ចក់ Corning Gorilla Glass 6 ខាងមុខ និងស៊ុមលោហៈព័ទ្ធជុំវិញ ចំណែកឯខ្នងក្រោយជាជ័រប្លាស្ទិក។ ហើយស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ាក្រោយ២គ្រាប់ ដោយមួយគ្រាប់មានទំហំ 12MP មានកំរិតស្រូបពន្លឺ និងមួយគ្រាប់ទៀតមានទំហំ 5MP សម្រាប់ Depth Sensor រីឯងកាមេរ៉ាមុខមានទំហំ 13MP មានកំរិតស្រូបពន្លឺ f2.0 ចំណែកទំហំថ្មវិញមានរហូតដល់ទៅ 5,000mAh ជាមួយឆ្នាំងសាកកំរិត 10W តែប៉ុណ្ណោះ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:











