ពេលខាងមុខទូរស័ព្ទដែលនាំចូលផ្តេសផ្តាសមិនបង់ពន្ធត្រឹមត្រូវ នឹងមិនអាចភ្ជាប់ជាមួយសេវាទូរស័ព្ទបានឡើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគោលដៅក្នុងការកំណត់ ទូរស័ព្ទដែលនាំចូលទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរស័ព្ទចល័តបាន។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា៖ “ក្រសួងប្រៃសណីយ៍ មានគោលដៅមួយកំណត់ថា ទូរស័ព្ទដែលនាំចូលទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរស័ព្ទចល័តបាន ដោយយកលេខកូដ IMEI របស់ទូរស័ព្ទនោះមកធ្វើ ជាចំនុចក្នុងការ activate ទូរស័ព្ទនឹង ហើយទូរស័ព្ទមិនបានបង់ពន្ធអាករទេ យកមកភ្ជាប់ជាមួយប្រព័ន្ធចល័តគឺអត់ដើរ វាអាចប្រើបានត្រឹមកាមេរ៉ា ជាមួយគ្នានោះដែរ ការប្រើប្រាស់ស៊ីមទូរស័ព្ទដល់តែ register លេខទូរស័ព្ទជាមួយក្រសួងប្រៃសណីយ៍ ហើយក្រសួងនឹងផ្ដល់ឱ្យទៅប្រតិបត្តិករទូរស័ព្ទចល័ត ទើបអាចប្រើប្រាស់វាបាន នេះសូមជម្រាបជូនជាព័ត៌មាន ដូច្នេះគ្រប់មុខសញ្ញា គ្រប់ការដ្ឋានទាំងអស់ ចាប់ផ្ដើមពង្រឹង គ្រប់គ្រងការប្រើប្រាស់ទំនិញនាំចូលឱ្យវាសមស្របតាមច្បាប់កំណត់” ៕
ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications