សិល្បៈ

បវកញ្ញា Miss Grand កម្ពុជា ៣ជំនាន់ ត្រូវបានឯកឧត្តម ហ្វៃ សំអាង ជ្រើសរើសសម្តែងក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ»

BY
Naren
October 10, 2022

(ភ្នំពេញ)៖ ថ្មីៗនេះឯកឧត្តម ហ្វៃ សំអាង បានបង្ហាញនូវបវកញ្ញា Miss Grand កម្ពុជា ៣ជំនាន់ ដែលត្រូវបានជ្រើសរើសសម្តែងក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ»។ យោងតាមការបង្ហោះឯកឧត្តម ហ្វៃ សំអាង ធ្លាប់បានបញ្ជាក់ថា «អប្សរាមហាអង្គរ» មានបវរកញ្ញាចំនួន៥ដួងចូលរួមសម្តែង ខណៈដែលពេលនេះឯកឧត្តម ហ្វៃ សំអាង បានធ្វើការជ្រើសរើសចំនួន៣រូបរួចមកហើយមានដូចជា អតីត Miss Grand Cambodia ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា, Miss Grand Cambodia ឆ្នាំ២០២១ កញ្ញា សុតធីតា ប៉ូគឹមថេង និង Miss Grand Cambodia ឆ្នាំ២០២២ កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី។

ឯកឧត្តម ហ្វៃ សំអាង បានរៀបរាប់នូវតួអង្គនីមួយថា កញ្ញា សេង រដ្ឋា ត្រូវសម្តែងជាតួអង្គពីរដែលមានព្រះរាជចរិយាខុសគ្នាដូចមេឃហើយនិងដី ជារាជបុត្រីដែលមានព្រះនាមថា ព្រះធីតា វរនន្ទ អម្ពរពេជ្រ ព្រះធីតា វរនន្ទ អម្ពរមាស។ កញ្ញា សុតធីតា ប៉ូគឹមថេង ត្រូវដើរតួអង្គព្រះជាយាទី១ តួអង្គដែលមានព្រះនាមថា កែវ មណី បងប្អូនដែលគាំទ្រកញ្ញា សុតធីតា ប៉ូគឹមថេង នឹងបានឃើញទេពកោសល្យថ្មី ដ៏រស់រវើក នៅក្នុងភាពយន្តភាគខ្នាតធំមួយនេះ។ ចំណែកកញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងត្រូវសម្តែងក្នុងនាមតួអង្គនាង ឆោម ឆវី និងតួនាង ឆោម ឆផ្កា ។

សូមរំលឹកថា ខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ» ជាវណ្ណកម្មថ្មី និពន្ធឡើងដោយអ្នកនិពន្ធពីររួមគ្នា គឺលោក យូ សុភា និងឯកឧត្តម ហ្វៃ សំអាង ជាខ្សែភាពយន្តដែលបង្ហាញពីអត្តសញ្ញាណជាតិ មានទាំងអត្ថរសនិងអត្ថន័យ។ ឯកឧត្តម ហ្វៃ សំអាង លើកឡើងថា ក្រុមការងារផលិតកំពុងសម្រិតសម្រាំងតួសម្តែងដែលមានតួអង្គសំខាន់ៗជាង៤០នាក់ ហើយត្រូវថតនាពាក់កណ្តាលឆ្នាំ២០២២នេះហើយ៕

Share This Post: