បុរសម្នាក់ចំណាយពេល៩ថ្ងៃ ដើម្បីឡើងដល់ចំណុចពាក់កណ្តាលនៃភ្នំអេវ៉ារេសជួយសម្រេចក្តីប្រាថ្នាចុងក្រោយរបស់ប្អូនប្រុសខ្លួន ដែលចង់យកទង់ជាតិខ្មែរទៅដោតលើភ្នំដ៏ខ្ពស់ជាងគេនៅលើពិភពលោក
- BY
- Naren
- October 11, 2022
(ភ្នំពេញ)៖ ជារឿងមួយគួរឱ្យកោតសរសើរ ដោយបុរសម្នាក់ ដើម្បីបំពេញបំណងប្រាថ្នារបស់ប្អូនប្រុស បានចំណាយពេលដើរ និងឡើងភ្នំដ៏ហត់នឿយ រយៈពេល៩ថ្ងៃ ដើម្បីបានទៅដល់ចំណុចពាក់កណ្តាលភ្នំអេវ៉ារេស (EBC) ដែលជាទីតាំងដែលប្អូនប្រុសរបស់លោកចង់យកទង់ជាតិខ្មែរទៅដោតលើភ្នំអេវើរ៉េស ប៉ុន្តែក៏បានស្លាប់បង់ជីវិតនៅពាក់កណ្តាលផ្លូវ។

នេះបើយោងតាមការបង្ហោះរបស់ម្ចាស់គណនី Sokhalay Saur បានសរសេររៀបរាប់ថា៖ «ពិសាល ធ្វើទាល់តែបានដើម្បី ពិសិដ្ឋ សូមចូលរួមអបអរសាទរ និងកោតសរសើរភាពក្លាហាន ការតស៊ូអំណត់របស់សំឡាញ់លោក លឹម ពិសាល (Lim Pisal) ដែលពុះពារ និងជម្នះគ្រប់ឧបសគ្គ ជួយសម្រេចក្តីប្រាថ្នាចុងក្រោយនេះឱ្យប្អូនប្រុសខ្លួន គឺ ពិសិដ្ឋ! ជាថ្មីម្តងទៀត សូមវិញ្ញាញក្ខន្ធប្អូនស្ថិតក្នុងទីដ៏ពិសិដ្ឋ និងស្ងប់នេះ ជាទីដ្ឋាន ដែលមនុស្សសឹងគ្រប់គ្នាប្រាថ្នាចង់ទៅដល់យ៉ាងតិចម្តងក្នុងជីវិត។
ក្នុងឆ្នាំ២០១២ លឹម ពិសិដ្ឋ បានបង់ថ្លៃដ៏ខ្ពស់បំផុត ដែលគ្រប់គ្នានឹកស្មានមិនដល់ ឬហ៊ានប្រថុយ ក្នុងបំណងបង្កើតកំណត់ត្រាដ៏អស្ចារ្យឱ្យខ្លួនឯង នោះគឺ ដំណើរទៅកាន់ ចំណុចពាក់កណ្តាលភ្នំអេវ៉ារេស (EBC) រយៈកម្ពស់ ៥៣៦៤ម៉ែត្រ ជាមូលដ្ឋាន អ្នកប៉ងឡើងបន្តទៅកំពូលភ្នំ (កម្ពស់ ៨,៨៤៩ម៉ែត្រ) ឈប់សម្រាក ថែបំប៉នកម្លាំង ព្យាបាល និងបន្សាំសួត រាងកាយសម្រាប់បរិយាកាសកាន់តែខ្ពស់ កាន់តែលំបាកជាងនេះទៀត។ បានប្រហែល ៨០% នៃដំណើរនេះប៉ុណ្ណោះ ពិសិដ្ឋ ក៏បញ្ចប់ដំណើរ និងផ្ញើព្រលឹងវិញ្ញាណនៅទីនោះជារៀងរហូត ដោយជំងឺថប់ខ្យល់ (High Altitude Sickness) ។
ដំណើរចុងក្រោយរបស់ ពិសិដ្ឋ បានក្លាយជាគោលដៅថ្មីរបស់ ពិសាល។ ជាង១០ឆ្នាំកន្លងមកនេះ ទោះជីវិត និងមុខរបរនាំរឿងស្មុគស្មាញច្រើនតែគោលដៅនេះ ចំណុចពាក់កណ្តាលភ្នំអេវ៉ារេស (EBC) ស្ថិតនៅរស់រវ៉ើកក្នុងអារម្មណ៍ និងចិត្ត ពិសាល។ ចុងក្រោយ ពិសាលធ្វើបានសម្រេចជោគជ័យមែន។ ក្រោយពីត្រៀមចិត្ត ត្រៀមកាយ សម្ភារៈ និងហ្វឹកហាត់ច្រើនឆ្នាំកន្លងទៅនេះ និងចំណាយពេលដើរ និងឡើងភ្នំដ៏ហត់នឿយ រយៈពេល៩ថ្ងៃ គាត់ក៏បានទៅដល់ចំណុច EBC នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះ ដោយសុខសុវត្ថិភាព និងថែមទាំងបានយកអាសាអ្នកដទៃទៀត តាមក្តីប្រាថ្នាមែន!
សូមចូលរួមអបអរកំណត់ត្រាជីវិតដ៏អស្ចារ្យនេះសំឡាញ់! ប្រាកដណាស់ ពិសាល ពុំអាចបង្កើតកំណត់ត្រាដ៏មហិមានេះ និងរឿងផ្សេងៗទៀតក្នុងជីវិតដ៏កំសត់របស់គាត់បានទេ បើគ្មានកម្លាំងចិត្ត ការគាំទ្រ និងការទទួលរ៉ាប់រងលើគ្រប់ការងារតូចធំនៅសមរភូមិក្រោយ ពីសំណាក់ស្រ្តី និងប្រពន្ធដ៏អស្ចារ្យរបស់គេ La Bean និង គ្រូបង្វឹក និងរៀមច្បងត្រួសត្រាយផ្លូវ Bandol Lim សូមដំណើរចុះពីភ្នំ និងត្រឡប់មកផ្ទះវិញរបស់សំឡាញ់ ប្រកបដោយសុខសុវត្ថិភាព និងសំឡេង!
We are with you and are praying for you!»។
សូមរំលឹកថាលោក លឹម បានចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេស នេប៉ាល់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ទាំងអាការមិនសូវស្រួលខ្លួន ដោយគេត្រូវជួបជុំគ្នាជាមួយនឹងមិត្តភក្តិជនជាតិម៉ាឡេស៊ី ៤នាក់ផ្សេងទៀតនៅទីនោះ និងឡើងលើភ្នំអេវើរ៉េសទាំងអស់គ្នា ដោយរូបគេមានបំណងយកទង់ជាតិរបស់កម្ពុជាទៅដោតឲ្យបក់រវិចៗនៅ ទីនោះដំបូងគេ។ បើយោងតាមការចុះផ្សាយរបស់ភ្នំពេញប៉ុស្ត៍ បានឱ្យដឹងទៀតថាលោក ពិសិដ្ឋ មានបំណងឡើងទៅកាន់ចំណុចមួយមានឈ្មោះថា ឌីសាខេម (Desacame) ដែលមានកម្ពស់៥៣០០ម៉ែត្រ ជាទីដែលត្រូវដោតទង់ជាតិនៅទីនោះ តែគេឡើងបានកម្ពស់តែ៣៨០០ម៉ែត្រប៉ុណ្ណោះ ក៏មានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ហើយក៏ស្លាប់នៅទីនោះតែម្តង៕





- Share This Post:






