PR

កម្មវិធីកំប្លែងដ៏មានប្រជាប្រិយភាពរបស់ 9 Colors Production ចំនួន៣ ពីក្រុមលោកតាវិចទ័រ និងនាយពាក់មី នឹងមានវត្តមាននៅ PNN ឆាប់ៗនេះ

BY
Naren
October 12, 2022

(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ភីអិនអិន កាលពីព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវការចាក់ផ្សាយកម្មវិធីសំណើចដ៏មានប្រជាប្រិយភាពចំនួនបី របស់ 9 Colors Production ដែលមានការដឹកនាំ និងសម្តែងដោយក្រុមកំប្លែងល្បីប្រចាំប្រទេសគឺក្រុមកំប្លែងលោកតា វិចទ័រ និងនាយ ពាក់មី ។កម្មវិធីកំប្លែងទាំងបីរួមមាន «ល្អមើល ល្អសើច» ជាវីដេអូសំណើចខ្លីៗប្រចាំថ្ងៃ ចាក់ផ្សាយចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២:០០ ដល់ ១២:១០នាទី។

ដោយឡែក នៅរៀងរាល់ថ្ងៃអាទិត្យវិញ កម្មវិធីកំប្លែង «ផ្ទះលេខ១ ផ្ទះលេខ២» ដែលជារឿងកំប្លែងជជែកបែកអូរហូរស្ទឹងអំពីនេះអំពីនោះរវាងញាតិជិតខាងផ្ទះ ។ កម្មវិធីនេះទស្សនិកជននឹងបានសើចសប្បាយរយៈពេលមួយម៉ោងពេញតែម្តង ដែលចាក់ផ្សាយចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នូវរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១២:០០-១៣:០០។

ចំណែកកម្មវិធីកំប្លែងមួយទៀតនោះគឺ «១៦៨យប់» ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី១៦ តុលា ឆ្នាំ២០២២ រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១៩:៣០ ដល់ម៉ោង ២០:០០។កម្មវិធីកំប្លែងទាំងបីខាងលើ គឺជាការផ្តល់ជូននូវរសជាតិថ្មីមួយបែបទៀតសម្រាប់ទស្សនិកជន ដែលតែងតែជឿជាក់ និងទុកចិត្តមកលើ PNN ដែលគ្រប់កាលៈទេសៈគ្រប់ពេលវេលាតែងតែរិះរកអ្វីថ្មី និងប្លែកៗសម្រាប់បំពេញចក្ខុរបស់ទស្សនិកជន។

ជឿជាក់ថាបន្ទាប់ពីការចាក់ផ្សាយកម្មវិធីទាំងបីនេះរួចហើយទស្សនិកជននឹងទទួលបានចំណីអារម្មណ៍ប្លែកមិនធ្លាប់មាន ព្រោះតែរាល់កម្មវិធីកំប្លែងនីមួយៗមានការចូលរួមពីសម្តែងពីសំណាក់តារាកំប្លែងល្បីៗដែលកំពុងតែមានឈ្មោះបោះសម្លេង ហើយរាល់ការនិពន្ធ និងដឹកនាំការសម្តែងគួបផ្សំនឹងភាពប៉ិនប្រសប់កំប្លុកកំប្លែងរបស់ក្រុមកំប្លែងទៀតនោះនឹងកាន់តែធ្វើអោយកម្មវិធីកម្មវិធីពោរពេញទៅដោយសំណើច សើចតាំងពីដើមដល់ចប់។

ជាការពិតណាស់ ភីអិនអិន គឺជាស្ថានីយទូរទស្សន៍ឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើតម្រូវការរបស់ទស្សនិកជនក្នុងការផលិតកម្មវិធីថ្មីៗ រឿងភាគខ្មែរដ៏ជក់ចិត្ត ភាពយន្តបរទេស នាំយកកម្មវិធីល្បីៗពីក្រៅប្រទេស។ ការកម្សាន្តប្លែកៗ ព័ត៍មានដែលមានប្រភពច្បាស់លាស់ រួមនឹងកម្មវិធីបែបកំប្លែងសើចសប្បាយ គ្រប់រសជាតិ គ្រប់តម្រូវការរបស់ទស្សនិកជនមិនអោយខកបំណងឡើយ៕

Share This Post: