SpaceX បង្ហាញផែនការយានអវកាស ដែលអាចដឹកមនុស្សរហូតដល់ទៅ ១០០នាក់ ទៅកាន់ភពព្រះអង្គារ
- BY
- autoadmin
- December 26, 2018
មហាសេដ្ឋីលោក Elon Musk បានបង្ហាញផែនការសម្រាប់យានអវកាសដែលអាចដឹកមនុស្សរហូតដល់ទៅ ១០០នាក់ ទៅកាន់ភពព្រះអង្គារ។ នាយកប្រតិបត្តិរបស់ SpaceX រូបនេះបានបង្ហោះរូបភាពនៃគំរូសាកល្បងដែលត្រូវបានសាងសង់នៅរដ្ឋ Texas នៅលើទំព័រ Twitter របស់គាត់ ។ លោកក៏បានឆ្លើយតបនឹងសំណួរជាច្រើនពីអ្នកដែលដើរតាមគាត់ អំពីយានអវកាស និងម៉ាស៊ីនរ៉ុក្កែតរបស់គាត់ដែលនឹងត្រូវបានគេរចនាឡើងដើម្បីផ្ទុកបន្ទុកទម្ងន់ដល់ទៅ ១៥០តោន ចូលទៅក្នុងអវកាស។ យ៉ាងណាមិញមានការសន្និដ្ឋានពីអ្នកប្រើ Twitter ម្នាក់ថា យានអវកាសនេះនឹងធ្វើចេញពីដែកអ៊ីណុក ហើយលោក Elon Musk ក៏បានបញ្ជាក់ថា វានឹងប្រើវត្ថុធាតុស្រដៀងគ្នាទៅនឹងរ៉ុក្កែត Atlas ដែលត្រូវបានផលិតដំបូងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។
នាយកប្រតិបត្តិរបស់ SpaceX រូបនេះ បានចែករំលែកព័ត៌មានលម្អិតនេះបន្ទាប់ពីមានការបាញ់បង្ហោះរ៉ុក្កែត Falcon 9 ដែលជាផ្កាយរណប GPS តម្លៃ ៥០០លានដុល្លារអាមេរិក យ៉ាងជោគជ័យចេញពីរដ្ឋ Texas លើបេសកកម្មសន្តិសុខដាច់ដោយឡែកមួយ ដើម្បីបញ្ជូនផ្កាយរណបចារកម្មរបស់កងអាកាសអាមេរិកចូលទៅក្នុងតារាវិថី។ លោកបានបន្តទៀតថា៖ «ជាការពិតធាតុសំខាន់តែមួយគត់ដែលដូចគ្នានឹងរ៉ុក្កែត Atlas ជំនាន់មុន គឺដែកអ៊ីណុក ហើយយើងកំពុងប្រើប្រាស់ល្បាយផ្សេងទៀតដើម្បីលាយជាមួយដែកអ៊ីណុកនេះ» «ខ្ញុំនឹងធ្វើបទបង្ហាញបច្ចេកទេសពេញលេញនៃ Starship នេះ បន្ទាប់ពីការធ្វើតេស្តលើយានដែលយើងកំពុងផលិតនៅក្នុងរដ្ឋ Texas ដូច្នេះសង្ឃឹមថានៅក្នុងខែមីនា ឬមេសា» ។ គួររំលឹកផងដែរថា កាលពីដើមឆ្នាំនេះលោក Elon Musk ក៏បានឱ្យដឹងដែរថា SpaceX នឹងមានគោលបំណងចាប់ផ្តើមបេសកកម្មយកមនុស្សទៅភពព្រះអង្គារជាលើកដំបូងនៅ ឆ្នាំ២០២៤៕


អត្ថបទ៖ លីដា
ប្រភព៖ mirror
- Share This Post:






