សិល្បៈ

តារាសម្តែងជើងចាស់ លោកស្រី អម្ពរទេវី នឹងសម្តែងរួមគ្នាជាថ្មីជាមួយលោក ទេព រិនដារ៉ូ ក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ»

BY
Naren
October 13, 2022

(ភ្នំពេញ)៖ ខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ» ជាវណ្ណកម្មថ្មី និពន្ធឡើងដោយអ្នកនិពន្ធពីររួមគ្នា គឺលោក យូ សុភា និងឯកឧត្តម ហ្វៃ សំអាង ជាខ្សែភាពយន្តដែលបង្ហាញពីអត្តសញ្ញាណជាតិ មានទាំងអត្ថរសនិងអត្ថន័យ។ ខណៈរឿងនេះថតនាពេលឆាប់ៗក្នុងឆ្នាំ២០២២ ឯកឧត្តម ហ្វៃ សំអាង បានបង្ហាញនូវតួអង្គដែលត្រូវសម្តែងជាបន្តបន្ទាប់ ដោយនៅថ្ងៃនេះ ឯកឧត្តម ហ្វៃ សំអាង បានឱ្យដឹងថា លោក ទេព រិនដារ៉ូ និង លោកស្រី អម្ពរទេវី នឹងសម្តែងរួមគ្នាជាថ្មីជាមួយលោក ទេព រិនដារ៉ូ ក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ»។

ឯកឧត្តម ហ្វៃ សំអាង បានបន្តថានៅក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ» ដែលផលិតដោយផលិតកម្ម ហង្សមាស លោកស្រី អម្ពរទេវី នឹងដើរជាតួអង្គព្រះនាម អ្នកអង្គម្ចាស់ស្ត្រី កាមល ជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតកដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ។ ចំណែកលោក ទេព រិនដារ៉ូ ជាតួអង្គបណ្ឌិតអក្សរសាស្ត្រ ឈ្មោះ ខីណាព្រាហ្មណ៍។

ក្រោយពីការបង្ហោះណែនាំតួអង្គតារាសម្តែងជើងចាស់ លោកស្រី អម្ពរទេវី បានបង្ហាញពីអារម្មណ៍យ៉ាងដូច្នេះថា៖ «នាងខ្ញុំពិតជារំភើបចិត្តនៅពេលដែលឃើញបងប្អូននៅតែស្រឡាញ់គាំទ្រការសម្ដែងរបស់នាងខ្ញុំ និងបងទេព រិនដារ៉ូ ថ្វីត្បិតតែនាងខ្ញុំជាប់រវល់ការងារផ្ទាល់ខ្លួន រវល់ជាមួយនឹងក្រុមគ្រួសារយ៉ាងណា ក៏នាងខ្ញុំត្រូវពុះជ្រៀកពេលវេលា បន្ទាប់ពីបានទទួលដំណឹងពីបងប្រុស ហ្វៃ សំអាង ទូរសព្ទ័រៀបរាប់ពីសាច់រឿង និងតួអង្គដែលនាងខ្ញុំត្រូវសម្ដែង ទីមួយគឺស្រឡាញ់សាច់រឿងល្អប្លែក មានទាំងអត្ថន័យ អត្ថរស បង្កប់រសជាតិនិយម ទីពីរជាសម័យកាលបូរាណ ដែលមិនធ្លាប់មានផលិតករណាផលិតឡើយ។

នាងខ្ញុំសប្បាយចិត្តនឹងត្រៀមខ្លួនដើម្បីទៅសម្តែងភាពយន្តភាគខ្នាតធំ រឿង អប្សរាមហាអង្គរនេះ ផលិតដោយផលិតកម្ម ហង្សមាស ដែលជាផលិតកម្មដ៏ល្បីឈ្មោះ ។ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៉ឹង សុខលាភ នាយកគ្រប់គ្រងការផលិតរបស់ផលិតកម្ម ហង្សមាស បងប្រុស ហ្វៃ សំអាង ដែលផ្ដល់កិត្តិយសដល់នាងខ្ញុំ សម្ដែងជាតួអ្នកអង្គម្ចាស់ស្ត្រី កាមល នាងខ្ញុំសូមជូនពរលោកទាំងពីរព្រមទាំងបងប្អូនទស្សនិកជនទាំងអស់ជួបតែបុណ្យសំណាងល្អនៅក្នុងជីវិតជារៀងរហូត»៕

Share This Post: