ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម ប្តេជ្ញាប្រែក្លាយកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មទំនើប
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា ក្នុងឱកាសទទួលមុខតំណែងជារដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានប្ដេជ្ញា ប្រែក្លាយកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលកសិកម្ម តាមរយៈការខិតខំប្រឹងប្រែង រួមជាមួយថ្នាំដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារតែទឹកជំនន់។ ការប្ដេជ្ញាចិត្តដ៏មុតមាំនេះ ត្រូវបាន ឯកឧត្តម ឌិត ទីណា អះអាងថា ការណ៍ដែលឯកឧត្តមមានភ័ព្វសំណាងឡើងរដ្ឋមន្ត្រីកសិកម្មនេះជាឱកាសមួយដែលអាចនឹងធ្វើអ្វីៗគ្រប់យ៉ាង គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដោយមិនរើសមុខ។
សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទថ្មី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងកសិកម្ម៕ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយដោយ៖ ធូ កុសល


ប្រភព និងរូបភាព ៖ ក្រសួងព័ត៌មាន, ទីភ្នាក់ងារ (AKP)