លោក ឃ្លោក វណ្ណ: ជាអ្នករត់ម៉ូតូឌុប ដែលតែងតែជួយសម្រួលចរាចរណ៍នៅម្តុំទួលគោករៀងរាល់ព្រឹក ត្រូវបានអភិបាលខណ្ឌ ផ្តល់ឱកាសដល់រូបលោក ជាមន្ត្រីជាប់កិច្ចសន្យារបស់សាលាខណ្ឌទួលគោក
- October 19, 2022
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានជួបសំណេះសំណាលជាមួយ លោក ឃ្លោក វណ្ណ: ជាប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និងមានមុខរបរជាអ្នកម៉ូតូឌុប ។ ជារៀងរាល់ព្រឹក លោកតែងតែចុះជួយសម្រួលចរាចរណ៍ នៅចំណុចកែងផ្លូវលេខ៣១៧និងផ្លូវលេខ៥៦៦ (ក្រោយអតីតសាលាហ្សាម៉ាន់អន្តរជាតិ) ដែលនេះជាការបង្ហាញពីកាយវិការដ៏ល្អ ក្នុងការងារជួយដល់សង្គមជាតិ ដោយការស្ម័គ្រចិត្ត។

ដោយមេីលឃេីញពីចំណុចទាំងអស់នេះ ឯកឧត្តមអភិបាលខណ្ឌ បានស្នេីសុំមតិដឹកនាំពីថ្នាក់លេី បញ្ចូលសមាសភាព លោក ឃ្លោក វណ្ណ: ជាមន្រ្តីជាប់កិច្ចសន្យា ផ្នែកសណ្តាប់ធ្នាប់ខណ្ឌទួលគោក នាឱកាសនេះ ឯកឧត្តមអភិបាលខណ្ឌ បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ព្រមទាំងសម្ភារៈមួយចំនួន ដល់លោកផងដែរ។ ការផ្តល់ឱកាសដល់រូបលោក ជាមន្ត្រីជាប់កិច្ចសន្យារបស់សាលាខណ្ឌ ស្របទៅតាមគោលបំណងដែលលោកកំពុងតែអនុវត្តជាប្រចាំ និងអាចជួយសម្រាលជីវភាពរស់នៅរបស់លោកប្រចាំថ្ងៃផងដែរ៕

- Share This Post:






