សង្គម

រថយន្តគ្រួសារមួយគ្រឿង បើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចនគរបាល ស្ទាក់ចាប់ ធ្វើការព្រមាន និងអប់រំ ដោះស្រាយតាមនីតិវិធី

BY
Naren
October 19, 2022

(កំពង់ស្ពឺ)៖ យោងតាមការបង្ហោះរបស់ ក្រុមការងារផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានឱ្យដឹងថានៅវេលាម៉ោង៥:០៨នាទីព្រឹកនេះ ក្នុងទិសដៅពីភ្នំពេញទៅព្រះសីហនុ ត្រង់គីឡូមែត្រលេខ៩(K09) ផ្នែកមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពផ្លូវល្បឿនលឿន បានល្បាតឃើញមានរថយន្តគ្រួសារមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង។

ហើយខាងក្រុមការងារផ្លូវល្បឿនលឿន ក៏បានជូនដំណឹងទៅនគរបាលចរាចរណ៍ និងរដ្ឋបាលផ្លូវ បានធ្វើការស្ទាក់ចាប់នៅស្ថានីយច្រកចេញចូលភ្នំពេញបានដោយជោគជ័យ។ ម្ចាស់រថយន្ត បានទទួលការព្រមាន និងអប់រំ ហើយបានយល់ពីផលវិបាក និងគ្រោះថ្នាក់នៃការបើកបរបញ្ច្រាសទិសនៅលើផ្លូវល្បឿនលឿន។ បច្ចុប្បន្នរថយន្ត និងម្ចាស់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺដោះស្រាយតាមនីតិវិធី។

សូមរំលឹកថាក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។ ក្នុងករណីបត់ត្រឡប់ក្រោយលើផ្លូវល្បឿនលឿន ដាច់ខាតអ្នកបើកបរត្រូវប្រើប្រាស់ច្រកចេញ-ចូល តាមស្ថានីយទាំង៨ទីតាំង ដើម្បីបត់ត្រឡប់ក្រោយ៕

Share This Post: