សង្គម

មន្ទីរពេទ្យគន្ធបុប្ផា ចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារ កុមារី ខន រ៉ានីកា

BY
Naren
October 19, 2022

(ភ្នំពេញ)​៖ នៅថ្ងៃទី១៩ តុលា ២០២២ មន្ទីរពេទ្យគន្ធបុប្ផា បានចេញសេចក្តីព័ត៌មាន​ និងសូមចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារ កុមារី ខន រ៉ានីកា ដែលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតបាន។

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានពិនិត្យនិងពិគ្រោះជំងឺកុមារី ខន រ៉ានីកា អាយុ២ឆ្នាំ ៨ខែ ដែលអាណាព្យាបាលបានយកមកពិនិត្យនៅផ្នែកពិគ្រោះជំងឺក្រៅ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ម៉ោង១៤និង៣០នាទី។ ក្រោយការពិនិត្យគ្រូពេទ្យបានសន្និដ្ឋានថា កុមារីនេះ មិនមានរោគសញ្ញានៃជំងឺធ្ងន់ធ្ងរដែលត្រូវដាក់ឱ្យសម្រាកពេទ្យនោះទេ ដោយគ្រូពេទ្យបានផ្តល់ថ្នាំសម្រាប់ព្យាបាលនៅផ្ទះចំនួន៣ថ្ងៃ។ ជាទូទៅនិងជារៀងរាល់ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មានកុមារមកពិគ្រោះជំងឺប្រមាណជិត២០០០នាក់ ដែល៨០% នៃកុមារទាំងនោះត្រូវបានផ្តល់ថ្នាំឱ្យចំនួន៣ថ្ងៃ ហើយដែលក្នុងរយៈពេលនេះអ្នកជំងឺអាចត្រឡប់មកវិញគ្រប់ពេល បើមានរោគសញ្ញាប្រែប្រួល។

ក្នុងករណីកុមារី ខន រ៉ានីកា នេះ អាណាព្យាបាល បាននាំទៅបន្តការព្យាបាលនៅពេទ្យឯកជន ដោយបានទទួលថ្នាំលេប និងព្យួរសេរ៉ូម (តាមសំដីជីដូន)។ បន្ទាប់មកជីដូន បាននាំចៅមកមន្ទីរពេទ្យគន្ធបុប្ផាវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨យប់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតដែលត្រូវសង្គ្រោះបន្ទាន់។ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះកុមារីតូចនេះអស់ពីសមត្ថភាព អស់រយៈពេលជាង៣ម៉ោង។ ជាអកុសល យើងមិនអាចសង្គ្រោះកុមារីនេះបាន។

ជាការសន្ធិដ្ឋាន យើងអាចយល់ថាការវិវត្តយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺរហូតដល់មរណៈភាពភ្លាមៗមុន២៤ម៉ោង ដោយពុំបានរំពឹងទុក ជាករណីដ៏កម្របំផុតលើកុមារ ដែលគេហៅថា Sudden Infant Death Syndrome (SIDS)។ មន្ទីរពេទ្យគន្ធបុប្ផាមានសេចក្តីសោកស្តាយជាទីបំផុត និងយល់ពីអារម្មណ៍សង្វេគរបស់ឪពុកម្តាយនិងក្រុមគ្រួសារ។ មន្ទីរពេទ្យគន្ធបុប្ផា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព៕

Share This Post: