តើតារាកិត្តិយសទាំងបីដួង អាចទស្សន៍ទាយត្រូវទេថា តារាអាថ៍កំបាំងដែលនឹងឡើងមកច្រៀងរួមគ្នានោះគឺជាអ្នកណា?
- BY
- Naren
- October 24, 2022
ការទន្ទឹងរង់ចាំរបស់ទស្សនិកជន ចំពោះការទស្សនាកម្មវិធីទស្សន៍ទាយចម្រៀងបែបថ្មី The Wall Song Cambodia បានមកដល់ហើយ។ តារាកិត្តិយសល្បីៗចូលរួមក្នុងសប្តាហ៍ដំបូងបើកឆាកកម្មវិធីថ្មីសន្លាងនេះ មានចំនួនបីដួង និងមានតារាអាថ៍កំបាំងក្រោយជញ្ជាំងបីដួងដូចគ្នា ដែលនឹងត្រូវឡើងមកបកស្រាយបទចម្រៀងរួមគ្នាលើឆាកតែមួយ។ តារាចម្រៀងកិត្តិយសទាំងបីដួងនៅសប្តាហ៍ដំបូងនេះ សុទ្ធសឹងជាលំដាប់តារាប្រចាំប្រទេសកម្ពុជា។ វត្តមានតារាចម្រៀង កញ្ញា មាស សុខសោភា លោក ពូ ឃ្លាំង និង លោក នីកូ ជាតារាកិត្តិយសនឹងត្រូវឡើងមកបកស្រាយបទចម្រៀងជាមួយតារាចម្រៀងអាថ៍កំបាំង។

កម្មវិធីនេះ មិនត្រឹមតែបានទស្សនាការច្រៀងរួមគ្នារវាងតារាកិត្តិយសនិងតារាអាថ៍កំបាំងដែលទស្សនិកជនមិនធ្លាប់បានឃើញនិងបានលឺ នៅក្នុងកម្មវិធីគឺតម្រូវអោយតារាចម្រៀងកិត្តិយសទស្សន៍ទាយថាតើដៃគូដែលជាតារាចម្រៀងអាថ៍កំបាំងក្រោយជញ្ជាំងនោះជា អ្នកណា? ខណៈកំពុងព្យាយាមទស្សន៍ទាយឈ្មោះតារាចម្រៀងអាថ៍កំបាំងនោះ ក្រុមតារាឯទៀតរួមនិងពិធីករផងដែរ នឹងព្យាយាមបន្លប់ចម្លើយក្នុងន័យធ្វើឲ្យតារាកិត្តិយសវិលវល់មិនអាចទាយឈ្មោះតារាចម្រៀងបាន។
តារាចម្រៀងកិត្តិយសអាចនឹងទស្សន៍ទាយមិនត្រូវនូវដៃគូអាថ៍កំបាំងរបស់ខ្លួនដែលជាមនុស្សជិតស្និទ្ធបំផុត។ សម្រាប់សប្តាហ៍ដំបូងនេះវិញ តើតារាកិត្តិយសទាំងបីដួង អាចទស្សន៍ទាយដឹងទេថា តារាអាថ៍កំបាំងដែលនឹងឡើងមកច្រៀងរួមគ្នានោះគឺជាអ្នកណា? សម្រាប់បទចម្រៀងមួយចំនួនដែលត្រូវលើកឡើងមកបកស្រាយក្នុងកម្មវិធី The Wall Song Cambodia ទៀតសោតក៏នឹងមានការរៀបចំបទភ្លេងថ្មីក្នុងគោលបំណងធ្វើយ៉ាងណាអោយទស្សនិកជនកាន់តែទទួលបានចំណីចក្ខុថ្មីបន្ថែមទៀត។

ដោយឡែកពិធីករល្បីល្បាញដែលនឹងត្រូវមកគ្រងដំណែងជាពិធីករក្នុងកម្មវិធីនេះគឺលោក ប៉ែន ចំរ៉ុង គ្រប់គ្នាតែងតែបានដឹងហើយលោក ប៉ែន ចំរ៉ុង ជាពិធីករអាជីព ដែលអាចដំណើរការកម្មវិធីបានគ្រប់ទម្រង់ទាំងអស់ ប៉ុន្តែពេលមកជួបជាមួយកម្មវិធី The Wall Song Cambodia លោកបានអះអាងថាវាពិតជាថ្មី ប្លែក សម្រាប់រូបលោក និងសម្រាប់ទស្សនិកជននៅកម្ពុជាយើង ព្រោះវាមានភាពអាថ៌កំបាំង ភាពភ្ញាក់ផ្អើលហួសការស្មាន សូម្បីតែរូបលោកក៏ស្រឡាំងកាំង ស្ទើរដាច់ផ្ងារ។
កម្មវិធី The Wall Song គឺជាកម្មវិធីមួយដែលស្ថានីយទូរទស្សន៍ ភីអិនអិន ទទួលបានសិទ្ធក្នុងការផលិតបន្តពីប្រទេសថៃ ហើយកម្មវិធីមួយនេះក៏កំពុងតែពេញនិយមខ្លាំង ដោយសារតែកម្មវិធីទាំងមូលពោរពេញទៅដោយភាពរីករាយទស្សនីយភាពប្លែក បូករួមទាំងការរចនាឆាកយ៉ាងប្រណិតនិងទំនើបទៀតនោះ ទើបធ្វើអោយកម្មវីធីនេះទទួលបានភាពល្បីល្បាញ។
បើចង់ជ្រាបច្បាស់ថាកម្មវិធីនេះអស្ចារ្យប៉ុណ្ណានោះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី The Wall Song Cambodia ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ ដល់ម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងនៅលើផេក The Wall Song Cambodia, Vattanak Beer និង Dragon Beer។

ទស្សនាវីដេអូខ្លីសូមចុច៖
- Share This Post:






