តារាចម្រៀងរ៉េប វណ្ណដា បង្ហាញអារម្មណ៍បែបនេះ ក្រោយ MV បទ «Time To Rise» មានចំនួន១០០លានទស្សនាលើយូធូប
- BY
- Naren
- October 24, 2022
តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានអ្នកស្រឡាញ់ គាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់លោក ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។ យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» ដែលមានការចូលរួមដោយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើគិតពីថ្ងៃ ចាក់ផ្សាយមកទល់ពេលនេះ រយៈពេល៥៧៥ថ្ងៃហើយ បទចម្រៀង «Time to Rise» មានការចូលទស្សនា រហូតដល់ ១០០លានដងនៅលើយូធូប។ ក្រោយពីទទួលបានការគាំទ្រយ៉ាងសន្ធឹកពីមហាជន វណ្ណដា បានសរសេររៀបរាប់ពីអារម្មណ៍ថា៖ «ជាដំបូងបំផុតនោះគឺខ្ញុំសូម អរគុណទៅកាន់ព្រឹទ្ធាចារ្យ គង់ ណៃ សម្រាប់ការចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់របស់គាត់នៅក្នុងបទចម្រៀង Time To Rise។ អរគុណទៅកាន់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសជាពិសេសសម្រាប់ការគាំទ្រកន្លងមក។
Time To Rise អាចនិយាយបានថាជាបទចម្រៀងមួយដែលប្រៀបបានដូចកញ្ចក់ឆ្លុះបញ្ចាំងពីការអភិរក្សនិងអភិវឌ្ឈលើកតម្លើនមរតកជាតិ អាចធ្វើឱ្យប្រជាជនក្នុងនិងក្រៅប្រទេសជាច្រើនលើសកលលោកបានស្គាល់ពីសិល្បៈខ្មែរ ដោយទទួលបានការគោរព សាទរ ស្រឡាញ់ និង ទទួលស្គាល់វិស័យសិល្បៈនៅកម្ពុជា។ អរគុណទៅកាន់ក្រុមការងារទាំងអស់ដែលបានចូលរួមធ្វើឱ្យ Project នេះកើតមានឡើង នេះជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ទំព័រចុងឆ្នាំនេះ អបអរ ១០០ លានទស្សនារបស់ Time to rise កាដូបន្ទាប់ផ្តល់ដំណឹងនៅពេលក្រោយ សូមអរគុណ។ ពីខ្ញុំ វណ្ណដា»៕


- Share This Post:






