បច្ចេកវិទ្យា

Apple ថាមកពីចិនទើបការលក់របស់ក្រុមហ៊ុនខ្លួនធ្លាក់ចុះ ខាតអស់រាប់ពាន់លានដុល្លារ

BY
Khmernote Media
January 4, 2019

យោងតាមសារព័ត៌មាន  Engadget បានចុះផ្សាយផ្សាយថា ការលក់របស់ក្រុមហ៊ុនទូរស័ព្ទ Apple បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ បើគិតចាប់ពីខែតុលាដល់ខែឆ្នូ ឆ្នាំ ២០១៨។ តួលេខបានបង្ហាញថា ការលក់ផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះពី ៨៩ ពាន់លានដុល្លារ មកសល់ត្រឹម ៨៤ ពាន់លានដុល្លារប៉ុណ្ណោះ។ បើយោងតាមលោក Tim Cook ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានបញ្ជាក់ឲ្យដឹងថា មានមូលហេតុធំៗចំនួនពីរ ដែលបណ្តាលឲ្យការលក់នេះធ្លាក់ចុះ ក្នុងនោះទី១ គឺដោយសារតែសេដ្ឋកិច្ចរបស់ចិនក្នុងពាក់កណ្តាលឆ្នាំ ២០១៨ នេះបានធ្លាក់ចុះ ដែលកក្តានេះបានធ្វើឲ្យការបញ្ជាទិញផលិតផលរបស់ក្រុម Apple ពីសំណាក់ប្រជាជនចិនបានធ្លាក់ចុះ។

កត្តាមួយទៀតគឺដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលនាំគ្នាបន្ថែមតម្លៃពន្ធនាំចូលផលិតផ្សេងៗ និងបានធ្វើឲ្យតម្លៃរបស់វត្ថុជាច្រើនឡើងថ្លៃខ្ពស់ ហើយការបញ្ជាទិញក៏ថយចុះដែរ។ បើទោះជាយ៉ាងនេះក្តី លោក Tim Cook បានអះអាងថា មកទល់នឹងពេលនេះក្រុមហ៊ុនរបស់លោកបានចាត់វិធានការជាច្រើនដូចជា អនុវត្តគោលការណ៍បន្ថែមថ្មីៗជាច្រើនទៀត និងពន្លឿនការអនុវត្តគោលការណ៍ ដែលមានស្រាប់ ដើម្បីធានាឲ្យបានថា ការលក់របស់ក្រុមហ៊ុននឹងកើនឡើងខ្ពស់ដូចការគ្រោងទុកវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ engadget

Share This Post: