រថភ្លើងស៊េរីថ្មីចំនួន៣គ្រឿង បានមកដល់ក្រុងព្រះសីហនុហើយ ត្រៀមដាក់ដំណើរការឆាប់ៗខាងមុខ
- January 9, 2019
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ រថភ្លើងទំនើបរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railways) របស់អ្នកឧកញ៉ា គិត ម៉េង បានដឹកពីប្រទេសម៉ិកស៊ិក មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ។
រថភ្លើង Tramway ស៊េរីទំនើបចំនួន៣គ្រឿង ត្រូវបានក្រុមហ៊ុន Royal Railway Cambodia ធ្វើការបញ្ជាទិញពីប្រទេសម៉ិកស៊ិក ដើម្បីសម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះថា រថភ្លើងទាំង៣គ្រឿងនេះ មានភាពទំនើបជាងរថភ្លើង ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿនពោលចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ហើយរថភ្លើងស៊េរីថ្មីនេះផងដែរក៏មានបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើបទាំងទ្វារស្វ័យប្រវត្តិ ,ជណ្តើរ,កៅអី, ម៉ាស៊ីនត្រជាក់,បន្ទប់ទឹក ,កន្លែងដាក់អីវ៉ាន់,ប្រព័ន្ធអ៊ីនធឺណិតWifi ,ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ៕

ប្រភព៖ CNC
- Share This Post:












