ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ដ្រីអប់រំ៖ ពេលនេះសិស្សានុសិស្សផ្លាស់ប្ដូរឥរិយាបថ មកប្រឡងឈរលើចំណេះដឹងខ្លួនឯង

    BY Khmernote Media December 5, 2022
    រដ្ឋមន្ដ្រីអប់រំ៖ ពេលនេះសិស្សានុសិស្សផ្លាស់ប្ដូរឥរិយាបថ មកប្រឡងឈរលើចំណេះដឹងខ្លួនឯង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីរីករាយចំពោះសិស្សានុសិស្ស ផ្លាស់ប្ដូរឥរិយាបថ មកប្រឡងបើកចម្លងគ្នា ឥឡូវនេះមកប្រឡងឈរលើចំណេះដឹងខ្លួនឯង។

    ថ្លែងខណៈអញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប នាថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក បស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅវិទ្យាល័យព្រះសីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កេតឃើញថា បេក្ខជនប្រឡងទាំងអស់ បានគោរពវិន័យយ៉ាងល្អ ព្រមទាំងគោរពទៅតាមបទប្បញ្ញត្តិ នៃការប្រឡង ផងដែរ។

    ឯកឧត្តមជឿជាក់ថា ដំណើរការប្រឡងឆ្នាំនេះ នឹងដំណើរការរលូន។ ចំពោះប្រធាន វិញ្ញាសាប្រឡងឆ្នាំនេះ គឺក្រសួងរក្សាស្ដង់ដារដដែល ដូចបណ្ដាលឆ្នាំមុនៗ។ ចំពោះការរៀបចំទុកដាក់វិញ្ញាសាប្រឡងវិញ ក្រសួងមិនឱ្យបែកធ្លាយឡើយ ព្រោះថាអ្នករៀបចំមានការទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយរលូន នឹងទទួលបានជោគជ័យ។

    ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ចំពោះអ្នកជាប់និទ្ទេសឆ្នាំនេះ លោកមិនទាន់ហ៊ានប៉ានស្មានឡើយ។ ឯកឧត្តម បញ្ជាក់ថា « អ្វីដែលយើងសប្បាយចិត្ត សិស្សានុសិស្សរបស់យើង គាត់ខិត ខំប្រឹងប្រែងរៀនសូត្រ គាត់ផ្លាស់ប្ដូរឥរិយាបថ មកប្រឡងពីបើកចម្លង មកប្រឡងឈរទៅលើមូលដ្ឋានចំណេះដឹងរបស់គាត់ ហើយគ្រូក៏ជួយគាំទ្រ ដែលយើងឃើញថាចំណុចគន្លឹះ សម្ដេច នាយករដ្ឋមន្ដ្រី ជួបជាមួយសិស្សនិទ្ទេស A បានធ្វើឱ្យសិស្សានុសិស្សជាច្រើនខំប្រឹងរៀន ដើម្បី បាននិទ្ទេស A និងមានឱកាសបានជួបសម្ដេចតេជោ»។

    ឯកឧត្តមបន្ដទៀតថា ចំពោះនាយកសាលាណា មានសិស្សជាប់និរទ្ទ A ច្រើនជាងគេ គឺនឹងក្លាយជាសាលារៀនល្អ ព្រមទាំងទទួលបានពាន កត្តាទាំងនេះហើយទើបធ្វើឱ្យសាលាមានការខិតខំប្រឹងប្រែង។

    សូមរម្លឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

    សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ដំណើរការសម័យប្រឡង រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខ ជនប្រឡងចំនួន ១២៨ ១៣៤នាក់ ក្នុងនោះស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡងចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងចំនួន ២៧ ៧៥៣នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: